ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ចំនួនមនុស្សស្លាប់កើនដល់ ១០នាក់ហើយ ខណៈពីរនាក់ទៀតនៅតែបាត់ខ្លួន

ចិន: ម្ចាស់ក្រុមហ៊ុនរោងចក្រនេះបាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា គ្រោះថ្នាក់នៅក្នុងរោងចក្រអាលុយមីញ៉ូម នៅក្នុងខេត្តហឺណាន ភាគកណ្តាលរបស់ប្រទេសចិន បានបណ្តាលឲ្យមនុស្សស្លាប់កើនដល់ចំនួន ១០នាក់ហើយ ដោយឡែកក្រុមអ្នកជួយសង្គ្រោះ នៅតែកំពុងស្វែងរកមនុស្សពីរនាក់បាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៣ មិថុនានេះ។

គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ៤និង៥០នាទីកាលពីរសៀលថ្ងៃពុធ នៅពេលដែលបំណែកគ្រឿងដែកមួយបានធ្លាក់ចុះមកក្រោមចំ បុគ្គលិកវិស្វកម្មនិងសំណង់របស់ក្រុមហ៊ុននេះ ខណៈដែលពួកគេបានរុះរើរោងចក្រអាលុយមីញ៉ូម នៅក្នុងរដ្ឋធានីនៃទីក្រុង Zhengzhou នេះបើយោងតាមសាខាសាជីវកម្មអាលុយមីញ៉ូប្រចាំខេត្តហឺណានរបស់ប្រទេសចិន។

មនុស្សចំនួន៧នាក់ត្រូវបានគេរកឃើញថា ស្លាប់នៅកន្លែងកើតហេតុ។ រីឯមនុស្ស ៨នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅ​មន្ទីរ​ពេទ្យ។

ប៉ូលិសបាននិយាយថា មនុស្ស ២៣ នាក់ត្រូវបានគេធ្វើការនៅតំបន់នោះ​នៅពេលដែលគ្រោះថ្នាក់នេះបានកើតឡើង ហើយបីនាក់ទៀតបានគេចផុត​ដោយគ្មានរងរបួសផងដែរ។ មនុស្សម្នាក់ត្រូវបានប៉ូលិសចាប់ឃុំខ្លួន។ ក្រុមហ៊ុនវិស្វកម្មនិងសំណង់នេះ ត្រូវបានគ្រប់គ្រងដោយការិយាល័យ​សាខា​សាជីវកម្មអាលុយមីញ៉ូខេត្តហឺណានរបស់ប្រទេសចិន៕

vcm_s_kf_repr_475x306

មតិយោបល់