ភ្នំពេញៈ បើយោងតាមលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងជាតំណាងអយ្យកាន់សំណុំរឿង ឃាតកម្មលើរូបលោកបណ្ឌិត កែម ឡី បានថ្លែងប្រាប់អ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram នៅម៉ោង៤៖៤០នាទី រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះថា ក្រោយពីបញ្ចប់ការសួរចម្លើយ និងកិច្ជពិភាក្សាដេញដោលចំពោះមុខ លោក សេង លាង ចៅក្រមសើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទហើយ។
លោក លី សុផាណា ឲ្យដឹងថា ក្រោយពីការសួរចម្លើយ ការពិនិត្យឯកសារ និងភស្តុតាងនៅក្នុងសំណុំរឿងឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនល្មើសពីបទឃាតកម្មគិតទុកជាមុន និងបទកាន់កាប់អាវុធគ្មានការអនុញ្ញាត តាមមាត្រា២០០ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ និងចោទប្រកាន់លើបុគ្គល ដែលបានលក់អាវុធឲ្យជនល្មើស ពីបទលក់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។
ជនត្រូវចោទមានឈ្មោះ ជួប សម្លាប់ ភេទប្រុស អាយុ៣៨ឆ្នាំ ចំណែកជនរងគ្រោះមានឈ្មោះ កែម ឡី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរប្រធានអង្គការអភិវឌ្ឍន៍សង្គម មានទីលំនៅផ្ទះលេខ០៨E0 ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលត្រូវបានជនជាប់ចោទបាញ់សម្លាប់នៅក្នុងស្តារម៉ាត របស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
យោងតាម២០០ ច្បាប់នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា ឃាតកម្មគិតទុកជាមុន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ដោយឡែក មាត្រា៤៩០ ពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លាន ទៅ៦លានរៀល៕
មតិយោបល់