តួកគី: លោកនាយករដ្ឋមន្រ្តី Binali Yildirim បានថ្លែងនៅក្នុងសន្និសិទកាសែតមួយនៅថ្ងៃចន្ទនេះថា សរុបមនុស្សចំនួន ៧.៥៤៣នាក់ ក្នុងនោះរួមទាំងទាហានចំនួន ៦.០៣៨នាក់, ចៅក្រមនិងព្រះរាជអាជ្ញាចំនួន ៧៥៥នាក់, មន្ត្រីនគរបាលចំនួន ១០០នាក់ និងជនស៊ីវិល ៦៥០នាក់ត្រូវបានចាប់ឃុំខ្លួន បន្ទាប់ពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាបាន បរាជ័យនៅតួកគី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៦នេះ។
ទីភ្នាក់ងារ Anadolu របស់រដ្ឋបានរាយការណ៍ថា ឧត្តមសេនីយ៍និងមេបញ្ជាការទ័ពជើងទឹកសរុបចំនួន ១០៣នាក់ត្រូវបានគេកៀងប្រមូលចាប់ខ្លួននៅក្នុងការស៊ើបអង្កេត នៅពេលមានការបង្រ្កាបនេះនៅតែបន្តទៅលើពួកផ្សំគំនិតធ្វើរដ្ឋប្រហារយោធា ដែលគេសង្ស័យថា នៅទូទាំងប្រទេសតួកគី។ នៅថ្ងៃអាទិត្យនេះ មន្រ្តីប៉ូលិសចំនួន ៧.៨៥០នាក់ ក្នុងនោះរួមមានមន្រ្តីជាន់ខ្ពស់ត្រូវបានគេព្យួរឬបណ្តេញចេញពីការងារតែម្តង។
ការបង្ក្រាបទ្រង់ទ្រាយធំនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារបានបរាជ័យប្រឆាំងនឹងលោកប្រធានាធិបតី Recep Tayyip Erdogan ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រនិងត្រូវបានកំទេចនៅថ្ងៃបន្ទាប់។ លោក Yildirim បានបន្ថែមថា មនុស្សសរុបចំនួន ២០៨នាក់ បានស្លាប់មានទាំងទាហាននិងជនស៊ីវិលចំនួន ១៤៥នាក់ ដោយសារការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា រួមបញ្ចូលទាំងមន្ត្រីប៉ូលិស ៦០នាក់។ រដ្ឋាភិបាលលោក Erdogan កំពុងព្យាយាមយ៉ាងលំបាកបំផុតនៅក្នុងការគ្រប់គ្រងនិងស្តារប្រទេសនេះត្រឡប់មកវិញ។
សូមបញ្ជាក់ថា មន្រ្តីរាជការស៊ីវិលជាង ៣លាននាក់នៅជុំវិញប្រទេសតួកគី មានការឈប់សម្រាកប្រចាំឆ្នាំរបស់ពួកគេ ប៉ុន្តែត្រូវបានពន្យាពេល។ ហើយមន្ត្រីរាជការស៊ីវិលទាំងនោះ បើចង់ឈប់សម្រាកត្រូវដាក់ច្បាប់ឲ្យបានត្រឹមត្រូវមុននឹងត្រឡប់មកបម្រើការងារវិញ៕
មតិយោបល់