ព័ត៌មានអន្តរជាតិ

សមយុទ្ធយោធាចិន នៅសមុទ្រចិនខាងត្បូង កំពុងធ្វើឲ្យវៀតណាមជ្រួលច្របល់

ចិនៈ រដ្ឋាភិបាលទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រ បានជំរុញឲ្យមានភាពស្ងប់ស្ងាត់ ខណៈដែលទីក្រុងហាណូយ បានបង្ហាញនូវការខកចិត្ត ចំពោះសមយុទ្ធយោធាប្រចាំឆ្នាំរបស់ចិន នៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសារព័ត៌មានរុស្ស៊ី Spunitk ចេញផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧។

ភាពមិនចុះសម្រុងគ្នា នៅតាមព្រំដែនផ្លូវទឹករវាងចិន និងវៀតណាម បានបង្កឲ្យមានភាពតានតឹងដាក់គ្នា រហូតឈានដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ វៀតណាមត្រូវបានគេមើលឃើញថា កំពុងព្យាយាមប្រមូលផ្តុំប្រជាជាតិអាស៊ីអាគ្នេយ៍ផ្សេងៗទៀត ដើម្បីប្រឆាំងនឹងទីក្រុងប៉េកាំង រួមទាំងការបង្កើតទំនាក់ទំនងការពារជាតិថ្មី ជាមួយបណ្ដាប្រទេស ដែលកំពុងមានជម្លោះនឹងចិន ដូចជាជប៉ុន អាមេរិក និងឥណ្ឌាជាដើម។

សូមជំរាបថា ស្ថិតនៅក្រោមសម្ពាធដ៏ខ្លាំងក្លារបស់ចិន បានធ្វើឲ្យវៀតណាម បង្ខំចិត្តត្រូវផ្អាកប្រតិបត្តិការខួងប្រេង នៅឯដែនសមុទ្រចិនខាងត្បូង បន្ទាប់ពីការទាមទាររបស់ចិន កាលពីខែកក្កដាកន្លងទៅ។

យោងតាមអ្នកជំនាញកិច្ចការអាស៊ីអាគ្នេយ៍ គឺលោក ដាយ ហ្វាន មកពីសាកលវិទ្យាល័យជីណាន ក្នុងខេត្តក្វាងចូវ ប្រទេសចិន បាននិយាយថា បញ្ហាជម្លោះនៅដែនសមុទ្រ បានធ្វើឲ្យមានគម្លាតដ៏ធំរវាងវៀតណាម និងចិន៕

មតិយោបល់