កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅថ្ងៃពុធនេះ បានអះអាងថា ការបាញ់សាកល្បងមីស៊ីលផ្លោង រយៈចម្ងាយមធ្យមរបស់ខ្លួន កាលពីថ្ងៃអង្គារ គឺបានធ្វើទ្បើងក្នុងគោលបំណង ដើម្បីប្រឆាំងជាមួយសមយុទ្ធយោធារួមគ្នា រវាងអាមេរិក និងកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។
ទីភ្នាក់ងារព័ត៍មានកណ្តាលកូរ៉េផ្លូវការ (KCNA) បាននិយាយថា មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ផ្តើមការដឹកនាំដោយផ្ទាល់មួយ នៅមូលដ្ឋានយោធារបស់ខ្លួន ក្នុងទីក្រុងព្យុងយ៉ាង។
ប្រភពដដែរបានបន្ថែមថា « ការធ្វើយ៉ាងដូច្នេះ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការបង្ហាញសាច់ដុំ ពីសំណាក់កូរ៉េខាងជើង ដើម្បីប្រឆាំងទៅនឹងសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ឈ្មោះថា Ulji Freedom Guardian របស់កងកម្លាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បន្ទាប់ពីមិនបានអើពើពីគោលបំណង និងការព្រមាន របស់របបមួយនេះ»។
តាមរបាយការណ៍ បានឲ្យដឹងថា នេះជាលើកទី១ហើយ ដែលកូរ៉េខាងជើង បានធ្វើការសាកល្បងមីស៊ីល ពីរដ្ឋធានីរបស់ខ្លួន។
សូមជំរាបថា មីស៊ីលផ្លោងអន្តរទ្វីប ដែលកូរ៉េខាងជើង បានបាញ់ហោះរំលងប្រទេសជប៉ុននោះ អាចហោះបានចម្ងាយប្រហែល ២,៧០០ គីឡូម៉ែត្រ ជាមួយនឹងរយ:កម្ពស់អតិបរមាប្រហែល ៥៥០ គីឡូម៉ែត្រ មុនពេលវាធ្លាក់ចូលក្នុងភាគខាងជើងមហាសមុទ្រប៉ាស៊ីហ្វិក៕

មតិយោបល់