កណ្ដាលៈ ក្រោយពីមានករណីឃាតកម្មបាញ់សម្លាប់មនុស្សស្រស់ៗ ក្នុងភូមិរកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានប៉ុន្មាននាទីក្រោយមក សមត្ថកិច្ចប្រាប់ថា ជនល្មើសបានយករថយន្តម៉ាក វីស្ដូ ទៅប្លុងចោលនៅស្រុកបាទី ខេត្តតាកែវ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល លោក សំ តុលា បានប្រាប់ Post News នៅមុននេះបន្តិចថា ក្រោយកើតហេតុ ជនល្មើសបានបើករថយន្តគេចខ្លួនយកទៅប្លុងចោលនៅស្រុកបាទី ខេត្តតាកែវ។
ស្នងការនគរបាលខេត្តកណ្ដាល អ៊ាវ ចំរើន បានប្រាប់ Post News ដែរថា ជនរងគ្រោះអាចជាជនជាតិចិន ហើយជនល្មើសអាចជាមិត្តភក្តិ ឬអ្នកស្គាល់គ្នា។ ទោះជាបែបណា ករណីនេះ លោកស្នងការមិនបានបរិយាយឲ្យលម្អិតទេ ព្រោះសមត្ថកិច្ចកំពុងស្រាវជ្រាវ និងធ្វើការងារមួយនេះ។
តាមសេចក្តីរាយការណ៍មកថា ក្រោយពីជនល្មើសយករថយន្តម៉ាក វីស្តូ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ ២AK-៧៩២៥ ទៅប្លុងចោលនៅស្រុងបាទី គេបានឃើញជនល្មើសកាន់កាំភ្លើងនឹងដៃ រួចរត់គេចខ្លួន។
គួរបញ្ជាក់ថា នៅម៉ោងប្រមាណជិត៦ល្ងាច ថ្ងៃទី១០ ខែសីហានេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីមានករណីនាំមនុស្សទៅបាញ់សម្លាប់ចោល ក្នុងភូមិរកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ករណីនេះ ជនរងគ្រោះត្រូវឃាតកបាញ់ជាច្រើនគ្រាប់ចំក្បាល និងដើមទ្រូង បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅរោងយាមរបស់ប្រជាការពារភូមិ។
តាមសេចក្ដីរាយការណ៍បានបន្តថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនដៃដល់ទំនងជាមិត្តភក្តិនិងគ្នា ជិះរថយន្តខាងលើ ចូលទៅជ្រកភ្លៀងនៅចំណុចកើតហេតុ។ មួយសន្ទុះក្រោយមកក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងបានមកឈប់ក្បែររថយន្តនោះ រួចហើយមានជនម្នាក់បានដកកាំភ្លើងបាញ់ប្រហារទៅលើជនរងគ្រោះចំនួន៥គ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។
ក្រោយមកទាំងជនដៃដល់ទាំងអ្នកជិះរថយន្តវីស្ដូម្នាក់ បាននាំគ្នាបើកគេចខ្លួន ទាំងមេឃកំពុងភ្លៀង ។ ករណីនេះគេសង្ស័យថា ជាអំពើឃាតកម្មគិតទុកជាមុន ដែលជនរងគ្រោះ និងជនល្មើសអាចជាមនុស្សស្គាល់គ្នា។ ខណៈពេលនេះ សមត្ថកិច្ចកំពុងចុះពិនិត្យនៅកន្លែងកើតហេតុ៕























https://youtu.be/8-K3RHB_ldY
មតិយោបល់