ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចិនអះអាងថា ផ្កាយរណបថ្មី Gaofen 3 នឹងជួយការពារផលប្រយោជន៍នៅសមុទ្រចិនខាងត្បូង

ចិន: កាសែតចិន China Daily បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ផ្កាយរណបថ្មីនេះ ដែលបានចិនបានបាញ់បង្ហោះទៅលើអាកាស នឹងជួយការពារផល​ប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ចំពេលដែលភាពតានតឹងកំពុងកើនឡើងនៅលើទឹកដីនៅ​សមុទ្រចិន​ខាង​ត្បូង​។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១១ សីហា ឆ្នាំ២០១៦។

រដ្ឋបាលរដ្ឋនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងឧស្សាហកម្មសម្រាប់ការពារជាតិ បានប្រាប់កាសែតនេះថា ផ្កាយ​រណប “Gaofen 3” ដែលត្រូវបានចាប់ផ្ដើមបាញ់បង្ហោះនេះ មានប្រព័ន្ធរ៉ាដាមួយ ដែលចាប់យក​រូបភាព​ពី​អវកាសនៅក្នុងទំហំរូបភាព resolution រហូតដល់ទៅ១ម៉ែត្រឯណោះ ពោលគឺវាស្មើនឹង៣ហ្វីត ហើយវា​អាចធ្វើប្រតិបត្តិការស្របតាមអាកាសធាតុទាំងអស់។

កាសែត China Daily ដែលបានស្រង់សម្តីពីលោក Xu Fuxiang មេដឹកនាំគម្រោង បាននិយាយ​ថា ផ្កាយរណបនេះនឹងដើរតួនាទីយ៉ាងសំខាន់​ក្នុងការត្រួត​ពិនិត្យ​បរិស្ថាន​សមុទ្រ កោះ ថ្មប៉ប្រះទឹក នាវានិង​អណ្ដូងប្រេង។ លោកបន្ថែមថា ផ្កាយរណប Gaofen 3 មានប្រយោជន៍ខ្លាំងណាស់ នឹងមានក្នុង​ការការ​ពារ​សិទ្ធិ​និងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសនេះ។

កាលពីខែកក្កដា តុលាការអន្ដរជាតិនៅទីក្រុងឡាអេ បានសម្រេចប្រឆាំងនឹងការទាមទាររបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង ដែលបានកាត់ក្តីឲ្យប្រទេសហ្វីលីពីនឈ្នះចិន ហើយការសម្រេចបែបនេះ បានធ្វើឲ្យក្រុងប៉េកាំងបានបដិសេធចោល។

សូមបញ្ជាក់ថា វៀតណាម ចិននិងតៃវ៉ាន់ បានអះអាងថា ទាំងអស់នៃប្រជុំកោះ Spratly ដែលកំពុងមាន​ជម្លោះ​នៅសមុទ្រចិនខាងត្បូង ជាកម្មសិទ្ធិរបស់ខ្លួន ខណ:ពេលដែលប្រទេសហ្វីលីពីន ម៉ាឡេស៊ីនិង​ប៊្រុយណេ ក៏បានអះអាងថា ផ្នែកមួយចំនួននៃតំបន់នោះ ក៏ជារបស់ខ្លួនពួកគេផងដែរ៕

China satellites

South China Sea

មតិយោបល់