កណ្ដាលៈ ជនរងគ្រោះដែលត្រូវឃាតកបាញ់សម្លាប់នៅស្រុកកណ្ដាលស្ទឹង សាកសពត្រូវសមត្ថកិច្ចនគរបាល រួមនឹងកម្លាំងកងអាវុធហត្ថបានធ្វើកោសល្យវិច័យវះយកក្បាលគ្រាប់ ដើម្បីពិនិត្យនិងតាមដានរកមុខសញ្ញា។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងការធ្វើកោសល្យវិច័យសាកសព ដើម្បីយកក្បាលគ្រាប់នេះ ជាលទ្ធិផលរកឃើញក្បាលគ្រាប់ចំនួនមួយគ្រាប់ ប្រភេទគ្រាប់កាំភ្លើងរឡូ ពោលគឺឃាតកអាចប្រើកាំភ្លើងម៉ាករឡូសម្លាប់ជនរងគ្រោះ។
ការធ្វើកោសល្យវិច័យទៅសពជនរងគ្រោះនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១១ សីហានេះ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
សពជនរងគ្រោះរហូតមករសៀលថ្ងៃនេះ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ តែសមត្ថកិច្ចសង្ស័យថា ជនរងគ្រោះជាជនជាតិចិន។ ទន្ទឹមនឹងនេះដែរ សមត្ថកិច្ចបានអំពាវនាវដល់គ្រួសារណាដែលបានបាត់សមាជិក ដូចមានភិនភាគខាងលើ សូមទំនាក់ទំនងមកស្នងការខេត្តកណ្ដាល ដើម្បីទទួលព័ត៌មាន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវតាមប្រមាញ់ជនដៃដល់ ដើម្បីយកផ្តន្ទាទោសតាមច្បាប់ ដោយពុំទុកឲ្យឃាតកររួចខ្លួនឡើយ។
សូមបញ្ជាក់ផងដែរថា កាលពីម៉ោងប្រមាណជិត៦ល្ងាចថ្ងៃទី១០ ខែសីហាម្សិលមិញនេះ មានករណីឃាតកម្មបាញ់សម្លាប់មនុស្សស្រស់ៗ ក្នុងភូមិរកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល លោក សំ តុលា បានប្រាប់ Post News ថា ក្រោយកើតហេតុ ជនល្មើសបានបើករថយន្តម៉ាកវីស្តូ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ ២AK-៧៩២៥ ទៅប្លុងចោលនៅស្រុងបាទី ហើយគេបានឃើញជនល្មើសកាន់កាំភ្លើងនឹងដៃ រួចរត់គេចខ្លួនបាត់ចូលទៅក្នុងព្រៃ។
ស្នងការនគរបាលខេត្តកណ្ដាល អ៊ាវ ចំរើន បានប្រាប់ Post News ផងដែរថា ជនរងគ្រោះអាចជាជនជាតិចិន ហើយជនល្មើសអាចជាមិត្តភក្តិ ឬអ្នកស្គាល់គ្នា។ ទោះជាបែបណា ករណីនេះ លោកស្នងការមិនបានបរិយាយឲ្យលម្អិតទេ ព្រោះសមត្ថកិច្ចកំពុងស្រាវជ្រាវ និងធ្វើការងារមួយនេះ។
ករណីនេះ ជនរងគ្រោះត្រូវឃាតកបាញ់ជាច្រើនគ្រាប់ចំក្បាល និងដើមទ្រូង បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅរោងយាមរបស់ប្រជាការពារភូមិ។
ក្រោយមកទាំងជនដៃដល់បានជិះរថយន្តខាងលើគេចខ្លួន ទាំងមេឃកំពុងភ្លៀង។ ករណីនេះគេសង្ស័យថា ជាអំពើឃាតកម្មគិតទុកជាមុន ដែលជនរងគ្រោះ និងជនល្មើសអាចជាមនុស្សស្គាល់គ្នា៕
https://youtu.be/8-K3RHB_ldY
មតិយោបល់