ហ្វីលីពីនៈ មន្ត្រីរដ្ឋាភិបាល បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា អត្រាឧក្រិដ្ឋកម្មនៅហ្វីលីពីន បានធ្លាក់ចុះ ៩,៨ ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំក្នុងខែកក្កដា បន្ទាប់ពីប្រធានាធិបតី លោក Rodrigo Duterte តំណែងបានមួយខែ ចំនួនជនសង្ស័យគ្រឿងញៀន ដែលត្រូវបានបាញ់សម្លាប់ ៥៩២ នាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។
ការិយាល័យលេខាធិការទំនាក់ទំនងរបស់ប្រធានាធិបតី លោក Martin Andanar បាននិយាយថា ប៉ូលិសហ្វីលីពីនបានកត់ត្រាអត្រាបទល្មើសចំនួន ៥០.៨១៧ ករណីក្នុងខែកក្កដា មានការធ្លាក់ចុះ បើធៀបនឹងខែដូចកាលពីឆ្នាំមុន ៥៦.៣៣៩ ករណី ខណៈដែលលោក Duterte បានប្តេជ្ញាថា នឹងដោះស្រាយបទឧក្រិដ្ឋ ក្នុងរយៈពេលបីខែដំបូង ទៅប្រាំមួយខែ នៃរដ្ឋបាលរបស់លោក។
លោក Andanar បានឲ្យដឹងថា អត្រាបទល្មើសនេះ បានធ្លាក់ចុះផងដែរ រហូតដល់ ៣១ ភាគរយ ដោយក្នុងខែកក្កដាមានចំនួន ១១.៨០០ ករណី បើធៀបទៅនឹងខែដដែរឆ្នាំមុន ១៧.១០៥ ករណី។ លោក បានបន្តថា ការធ្លាក់ចុះនៃបទល្មើសនេះ ជាសញ្ញាយ៉ាងសំខាន់បង្ហាញឲ្យឃើញថា មានសកម្មភាពខ្លាំងក្លា និងឆាប់រហ័សរបស់រដ្ឋាភិបាល លោក Duterte ។
គួរបញ្ជាក់ដែរថា ក្នុងយុទ្ធនាការប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ លោក Andanar បានលើកឡើងផងដែរ ថា អាជ្ញាធរធ្វើប្រតិបត្ដិការបង្រ្កាបបានចំនួន ៥.៤២២ ករណី ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី១៤ ខែ សីហា ជាលទ្ធផលជនសង្ស័យគ្រឿងញៀន ៥៩២នាក់ ត្រូវបាញ់សម្លាប់ និង ៨.៣៣២ នាក់ទៀត ត្រូវចាប់ឃុំខ្លួន ខណៈអ្នកប្រើប្រាស់ និងអ្នកជួញដូរគ្រឿងញៀនសរុប ៥៥៤.២៤៣ នាក់ បានសុំចុះចាញ់ និងចូលខ្លួនមកសារភាព៕
មតិយោបល់