ស្របពេលដែលមហាជន និងសារព័ត៌មានជាច្រើនកំពុងតែចាប់អារម្មណ៍លើសេចក្ដីសម្រេចចិត្តចូលនិវត្តន៍របស់ លោក Steve Ballmer ដែលជានាយកប្រតិបត្តិ Microsoft សម្រាប់តែ Microsoft ប្រកាសថាខ្លួនទិញឧបករណ៍ និងសេវាកម្មរបស់ Nokia ដែលរួមមានទាំងស្មាតហ្វូន និងទូរស័ព្ទចល័ត នេះសបញ្ជាក់ឲ្យឃើញថា Nokia ហាក់ដូចជាលក់ក្រុមហ៊ុនឲ្យ Microsoft។

មហាជន និងក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាក្រុមហ៊ុន Nokia លក់ឧបករណ៍ និងសេវាកម្មរបស់ខ្លួនឲ្យទៅ Microsoft? ចម្ងល់នេះនៅមិនទាន់មាននរណាម្នាក់ចេញមុខបំភ្លឺឡើយ ប៉ុន្តែបើតាមការវិភាគ មានករណីចំនួនគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជាចំណុចមួយចំនួនដែលអាចជាអាថ៌កំបាំងនៅពីក្រោយការទិញលក់នេះ៖
កិច្ចព្រមព្រៀងប្រើប្រាស់ Windows Phone 8 របស់ក្រុមហ៊ុន Microsoft ជាមួយនឹង Nokia នឹងត្រូវផុតកំណត់នៅឆ្នាំ ២០១៤ ហើយបើតាមព័ត៌មានចចាមអារ៉ាម Nokia ចង់ចាប់យក Android ជាប្រព័ន្ធដំណើរការថ្មីសម្រាប់ស្មាតហ្វូនរបស់ខ្លួន ដូច្នេះហើយទើបធ្វើឲ្យ Microsoft សម្រេចចិត្តទិញយក Nokia តែម្ដង ព្រោះថា មានតែ Nokia មួយប៉ុណ្ណោះ ដែលអាចធ្វើឲ្យ Windows Phone របស់ខ្លួនដំណើរការ និងលួតលាស់ទៅមុខ។
មតិមួយទៀតផ្ទុយពីនេះ ក្រុមហ៊ុន Nokia ដើម្បីដោះស្រាយបញ្ហាក្រុមហ៊ុនកាលពីឆ្នាំ ២០១២ ក៏បានពឹងឲ្យក្រុមហ៊ុន Microsoft ជួយខ្លួនក្នុងការដោះស្រាយវិបត្តិ ដោយនៅក្នុងនោះ Microsoft បានចំណាយលុយជាច្រើនដើម្បីផ្សព្វផ្សាយ Windows Phone ជាមួយនឹងស្មាតហ្វូន Nokia ដែលស្ទើរតែរាល់ការចំណាយជារបស់ Microsoft ហេតុនេះហើយទើប Microsoft សម្រេចចិត្តទិញយក Nokia តែម្ដង ដើម្បីកុំឲ្យពិបាក។
មានអាថ៌កំបាំងមួយទៀត ដែលទើបនឹងបែកធ្លាយក្រោយពេលការទិញលក់ត្រូវបានប្រកាសជាសាធារណៈ នោះគឺថា លោក Steve Ballmer នាយកប្រតិបត្តិ Microsoft បានជួបចរចាជាមួយនឹងក្រុមប្រឹក្សាភិបាល Nokia ជាច្រើនលើកច្រើនសារ និយាយរួមគឺមិនក្រោម ៥០ដងនោះទេ ហើយបើតាមការបង្ហើបឲ្យដឹងនោះគឺចាប់តាំងពី Microsoft និង Nokia សហការគ្នាលើការប្រើប្រាស់ Windows Phone មកម្ល៉េះ។
ចំណុចមួយទៀត ក្រុមហ៊ុន Microsoft ជោគជ័យលើការបង្កើត Software ប៉ុន្តែបរាជ័យលើការបង្កើត Hardware ជាក់ស្ដែង Microsoft គ្រោងចេញ Tablet តាំងពីឆ្នាំ ១៩៩២ មកម្ល៉េះ ប៉ុន្តែដោយសារតែ Microsoft គ្មានបទពិសោធ ហើយតម្រូវការទាប ដូច្នេះក៏បានផ្អាក់ទៅវិញ រួមក៏សម្រេចចិត្តចេញ Surface ដែលជា Tablet ដំបូងកាលពីឆ្នាំ ២០១២ ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ ស្របពេលនោះផងដែរ Microsoft ក៏បានសម្លឹងឃើញថាWindows Phone ជោគជ័យជាមួយនឹងស្មាតហ្វូន Nokia ហើយក្រៅពី Nokia គឺគ្មានក្រុមហ៊ុនណាចាប់អារម្មណ៍លើ Windows Phone ឡើយ បើមិនចាប់យក Nokia នោះទេ នោះ Windows Phone អាចនឹងបរាជ័យដូច Surface ហើយបើទិញយក Nokia នោះខ្លួនអាចនឹងជោគជ័យទាំង Software និង Hardware។
នៅមានករណីមួយទៀត ដែលគួរឲ្យសង្ស័យផងដែរ គឺថា លោក Stephen Elop ជាប្រធានគ្រប់គ្រងពាណិជ្ជកម្ម និងផលិតផលមួយចំនួនរបស់ Microsoft បើនិយាយទៅតំណែងមួយនេះធំមិនចាញ់ នាយកប្រតិបត្តិឡើយ ប៉ុន្តែលោក Elop បានលាឈប់ពី Microsoft ភ្លាមៗ ដោយមកកាន់តំណែងជានាយកប្រតិបត្តិនៅ Nokia កាលចុងឆ្នាំ ២០១០ ជំនួសលោក Olli-Pekka Kallasvuo។ ដំបូងឡើយ គ្មាននរណាចាប់អារម្មណ៍ចំពោះរឿងនេះនោះទេ ប៉ុន្តែនៅពេលនេះ គេសង្ស័យថា Microsoft បានបញ្ជូន លោក Elop មកធ្វើការផ្ទៃក្នុង ក្នុងការចរចាដើម្បីទិញក្រុមហ៊ុន Nokia ព្រោះថា ក្រោយពី លោក Elop មក Nokia ភ្លាម សម្រាប់តែទំនាក់ទំនង Microsoft និង Nokia ល្អូកល្អិកមួយរំពេច ហើយ Microsoft យល់ព្រមជួយ Nokia គ្រប់បែបយ៉ាង។
តើប្រិយមិត្តអ្នកអានយល់យ៉ាងណាចំពោះ ព័ត៌មានដែល ដំណឹង ប្រមូលបានទាំងនេះ? បើយល់ថា ខុសត្រង់ណា សូមជួយបញ្ចេញមតិផង៕
មតិយោបល់