ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រដ្ឋអាជ្ញាតួកគីទាមទារឲ្យកាត់ទោសលោក Gulen ដាក់ពន្ធនាគារ ១.៩០០ឆ្នាំ

តួកគី: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា រដ្ឋអាជ្ញាតួកគីបានទាមទារឲ្យកាត់​ទោស​ពីរជីវិតនិងបូករួម ១.៩០០ឆ្នាំនៅក្នុងពន្ធនាគារសម្រាប់បព្វជិតលោក Fethullah Gulen ដែល​កំពុងរស់នៅសហរដ្ឋអាមេរិក ហើយរដ្ឋាភិបាលក្រុងអង់ការ៉ា បានស្តីបន្ទោសចំពោះការធ្វើរដ្ឋប្រហារយោធា​មិនបានសម្រេច កាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី ១៧ សីហា ឆ្នាំ២០១៦។

ទីភ្នាក់ងារ Anadolu របស់រដ្ឋបានរាយការណ៍មកថា រដ្ឋរាជអាជ្ញាតួកគីនៅភាគខាងលិចក្នុងទីក្រុង Usak បានរៀបចំឯកសារចំនួន ២.៥២៧ទំព័រ ដោយធ្វើការចោទប្រកាន់លោក Gulen និងរួមទាំងជនសង្ស័យ​ចំនួន ១១១នាក់ផ្សេងទៀត បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាយូរមកហើយ ហើយការចោទប្រកាន់​នេះ ត្រូវបានអនុម័តដោយតុលាការនៅក្នុងទីក្រុងនេះ។

ទីភ្នាក់ងារ Anadolu បានឱ្យដឹងទៀតថា ក្នុងដីកាដំណោះស្រាយលោក Gulen និងជនសង្ស័យដទៃ​ទៀត ត្រូវបានចោទប្រកាន់ពីបទការបង្កើតនិងការបើកអង្គការភេរវកម្មប្រដាប់អាវុធ, ការផ្តល់ហិរញ្ញប្ប​ទាន​ដល់អំពើភេរវកម្ម, ការប៉ុនប៉ងដើម្បីបំផ្លាញរបៀបរៀបរយរដ្ឋធម្មនុញ្ញដោយកម្លាំងយោធា និងការប៉ុនប៉ង​ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

សូមបញ្ជាក់ថា តុលាការតួកគីចេញដីកាចាប់ខ្លួនប្រឆាំងនឹងលោក Gulen នៅដើមខែនេះ បើទោះបីជា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានស្នើសុំភស្តុតាងរឹងលើករណី Gulen នេះ។ អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Joseph Biden និងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក John Kerry ត្រូវបានគេរំពឹងទុកថា នឹងទៅទស្សនកិច្ចជាផ្លូវរដ្ឋនៅក្នុងប្រទេសតួកគី នៅចុងខែនេះ៕

Fethullah Gulen Turkey

មតិយោបល់