ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោកពូទីននិយាយថា រុស្ស៊ីមិនមានបំណងកាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ុយក្រែននោះទេ

រុស្ស៊ី: សង្រ្គាមជិតផ្ទុះឡើងទៅហើយ ប៉ុន្តែហាក់បីដូចជាថមថយកំដៅបន្តិចទៅវិញ ដោយសារតែប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលក្រុងម៉ូស្គូ​មិនមានបំណងកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយក្រុងកៀវនោះទេ បើទោះបីជាកន្លងមក រុស្ស៊ីបានចោទ​ប្រកាន់អ៊ុយក្រែនថា បានបង្កភាពចលាចលនិងអំពើភេរវកម្មនៅឧបទ្វីបគ្រីមា ចេះតែកើនកំដៅឥត​ឈប់ឈរ​។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី១៩ សីហា ឆ្នាំ២០១៦។

នៅក្នុងសន្និសីទរបស់ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីនៅឧបទ្វីបគ្រីមា លោកពូទីន បាននិយាយថា ទោះបីជាមាន​ការស្ទាក់ស្ទើររបស់អាជ្ញាធរក្រុងកៀវ នាពេលបច្ចុប្បន្ន ដើម្បីឱ្យមានទំនាក់ទំនងការទូតពេញលេញ​នៅ​កម្រិត​ឯកអគ្គរដ្ឋទូតនោះ​យើងនឹងបង្កើតឱកាសដើម្បីអភិវឌ្ឍទំនាក់ទំនងនិងគាំទ្រពួកគេផងដែរ។

ប្រទេសរុស្ស៊ីបានពិចារណារកវិធានការសន្តិសុខបន្ថែមទៀត បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅលើឧបទ្វីបនេះ ដែលបានសម្លាប់យោធារុស្ស៊ីពីរនាក់។ កងកម្លាំងសន្តិសុខសហព័ន្ធរុស្ស៊ី បានចោទប្រកាន់អាជ្ញាធរអ៊ុយក្រែន​ថា ជាមេគំនិតនៃការប៉ុនប៉ងភេរវកម្ម ដើម្បីបញ្ជូនក្រុមតាំងចិត្តដើម្បីបំផ្លាញនៅតំបន់គ្រីមា ដែលវាត្រូវ​បាន​រាំង​ស្ទះកាលពីសប្តាហ៍មុន ដោយឡែក ក្រុងកៀវបានបដិសេធការចោទប្រកាន់នេះ៕

Russia, Ukraine in Crimea

មតិយោបល់