ភ្នំពេញៈ ក្រោយពីបើកសវនាការសាកសួរដេញដោលពេញមួយព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ លោក ពេជ វិជ្ជាធរ ចៅក្រមជំនុំម្រះសាលាដំបូងក្រុងភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសស្ត្រីសកម្មជនដីធ្លីបឹងកក់២នាក់ ដាក់ពន្ធនាគារក្នុងម្នាក់៦ថ្ងៃ និងពិន័យ ជាប្រាក់ចំនួន៨ម៉ឺនរៀល ដោយកែប្រែបទចោទប្រកាន់ ញុះញង់ឲ្យប្រព្រឹត្តិបទល្មើសជាអាទិ៍ តាមមាត្រា៤៦៥ ទៅជាបទ ជេរប្រមាថ យោងតាមមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌវិញ។
ជនជាប់ចោទនៃសំណុំរឿងនេះទី១ឈ្មោះ ទេព វន្នី ភេទស្រី អាយុ២៥ឆ្នាំ និងទី២ឈ្មោះ បូវ សោភា ហៅ ស្រីនាង ភេទស្រី អាយុ៤៣ឆ្នាំ ត្រូវបានលោក កែវ សុជាតិ តំណាងអយ្យការបានសម្រេចចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តិបទល្មើសជាអាទិ៍ ប្រព្រឹត្តនៅផ្លូវ ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសយោងតាមប្បញ្ញត្តិមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទទាំង២នាក់ត្រូវបានលោក ពេជ វិជ្ជាធរ ចៅក្រមជំនុំម្រះសាលាដំបូងក្រុងភ្នំពេញ បានប្រកាសសាលក្រមក្នុងសវនាកាមុនអង្គសេចក្តីសម្រេច ឃុំខ្លួនជាបណ្តោះអាសន្នកាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦កន្លងទៅ។
នៅក្នុងសវនាការជនជាប់ចោទទាំង២នាក់ បានឆ្លើយសារភាពថា នៅក្នុងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅពួកខ្លួនមានគ្នាប្រមាណជា២០នាក់ មកពីសហគមបឹងកក់ បានជួបជុំគ្នានៅទីតាំងដីទំនាស់បឹងកក់ ដោយយក ធូប ទាន ផ្កាឈូក ម្ទេស និងអំបិល ដើម្បីធ្វើពិធីហែទីងមោងចំនួន៤ ដោយដាក់ពាក្យលើទីមោងនោះថា៖
១. មន្ត្រីពុករលួយ ២. តុលាការ ៣. ឃាតក ៤. អ្នកបញ្ជាសម្លាប់
ជនជាប់ចោទបានបន្តថា ការដាក់រូបទីងមោងទាំង ៤នាក់នេះ ដើម្បីទាមទារឲ្យតុលាការមានភាពឯករាជក្នុងការរកយុត្តិធម៌ដល់ជនរងគ្រោះ១៦គ្រួសារនៅបឹងកក់ និងទាមទាររកយុត្តិធម៌ឲ្យលោក កែម ឡី និងមន្ត្រីការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គ.ជ.ប ចំនួន ៥នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារ។
សូមបញ្ជាក់ថា សកម្មជនដីធ្លីតំបន់បឹងកក់២នាក់នេះ ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅនៅម្តុំបឹងកក់ ក្រោយពីពួកគេប្រមូលម្តុំគ្នាស្លៀកពាក់ពណ៌ខ្មៅ ក្នុងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដោយដាក់រូបទីងមោងចំនួន ៤ ដើម្បីទាមទារឲ្យអាជ្ញាធរ ជាពិសេសតុលាការក្រុងភ្នំពេញដោះលែងសកម្មជនសិទ្ធិមនុស្ស និងអគ្គលេខាធិការរង គ.ជ.ប សរុបចំនួន ៥រូប ដែលត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ន ដែលផ្តើមចេញពីសំណុំរឿង ស្នេហារវាងលោក កឹម សុខា និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។
គួរកត់សម្គាល់ថា ការហាមឃាត់ និងការឃាត់ខ្លួនសកម្មជនដីធ្លី និងសកម្មជនសិទ្ធមនុស្សដែលចូលរួមក្នុងយុទ្ធនាការ ថ្ងៃចន្ទពណ៌ខ្មៅ ពីសំណាក់អាជ្ញាធរ បានធ្វើឡើងជារៀងរាល់លើកក្នុងពេលកន្លងមក។ ការឃាត់ខ្លួនកាលពីគ្រាមុននោះ អាជ្ញាធរបានតម្រូវឲ្យពួកគេធ្វើតែកិច្ចសន្យាបញ្ឈប់សកម្មភាពនៃយុទ្ធនាការមួយនេះតែប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ការឃាត់ខ្លួនសកម្មជនទាំងនោះ គឺឈានដល់ការកសាងសំណុំរឿងបញ្ជូនមកតុលាការតែម្តង។
ក្រសួងមហាផ្ទៃកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦កន្លងទៅធ្លាប់បានចេញសេចក្តីប្រកាសពិសេសមួយ ប្រមានចាត់វិធានការច្បាប់ប្រសិនបើនមានក្រុមពលរដ្ឋប្រមូលម្តុំគ្នាធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដោយខុសច្បាប់ ដែលរដ្ឋាភិបាលចាត់ទុកថាយុទ្ធនាការនេះជាទម្រងនៃបដិវត្តន៍ពណ៌ ប្រឆាំងនឹងច្បាប់រដ្ឋ។
សូមជម្រាបផងដែរថា យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ត្រូវបានរៀបចំធ្វើឡើងដោយសកម្មជនដីធ្លី និងក្រុមអ្នកការពារសិទ្ធិមនុស្សមួយចំនួន រួមមានទាំងសពលោកបណ្ឌិត កែម ឡី ផង ក្រោយពីជនត្រូវចោទជាមន្ត្រីការពារសិទ្ធិមនុស្សរបស់អង្គការអាដហុក និងអគ្គលេខាធិការរង គ.ជ.ប រួមមាន លោក លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត លោកស្រី លឹម មុនី និងលោក នី ចរិយ៉ា ត្រូវជាប់ចោទពីបទ សូកប៉ាន់សាក្សី គឺកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមិនា និងខែមេសា ឆ្នាំ២០១៦ យោងតាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរចេញដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ៕
https://youtu.be/-4A1-jzEMEI
មតិយោបល់