រុស្ស៊ី: មន្ត្រីជាន់ខ្ពស់ការពារជាតិបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ីអាចប្រើមូលដ្ឋានអាកាស Hamadan របស់អ៊ីរ៉ង់ ជាថ្មីម្តងទៀត ដើម្បីធ្វើការវាយប្រហារទៅលើគោលដៅភេរវករនៅប្រទេសស៊ីរី។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៤ សីហា ឆ្នាំ២០១៦។
លោក Vladimir Komoedov ប្រធានគណៈកម្មាធិការការពារជាតិ នៅក្នុងរដ្ឋសភា Duma បាននិយាយ ក្នុងបទសម្ភាសមួយជាមួយកាសែត Izvestiya បានឲ្យដឹងថា រដ្ឋាភិបាលក្រុងម៉ូស្គូ និងទីក្រុងអេរ៉ង់ នឹងធ្វើកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ដែលឈានទៅដល់កិច្ចព្រមព្រៀង លើបញ្ហាជាក់លាក់មួយចំនួនឆាប់ៗខាងមុខនេះ រួមបញ្ចូលទាំងការប្រើប្រាស់មូលដ្ឋានអាកាស Hamadan ដោយឲ្យយោធារុស្ស៊ីធ្វើការវាយប្រហារក្រុមជ្រុលនិយមនៅក្នុងប្រទេសស៊ីរី។
វាជាលើកដំបូងហើយ ដែលប្រទេសរុស្ស៊ីបានប្រើទឹកដីនៃប្រទេសជាតិមួយនេះ វាជាផ្នែកមួយរបស់ស៊ីរី ដើម្បីបើកដំណើរការចាប់តាំងពីក្រុងម៉ូស្គូ បានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងនឹងគោលដៅ អ៊ីស្លាមនៅខាងក្នុងប្រទេសស៊ីរី កាលពីខែកញ្ញាឆ្នាំមុន។
កាលពីដើមសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បាននិយាយថា យោធារបស់រុស្ស៊ីបានសម្រេចគោលដៅរបស់ខ្លួន ទាក់ទងនឹងការវាយប្រហារ តាមអាកាសប្រឆាំងនឹង កងកម្លាំង IS ក្នុងប្រទេសស៊ីរី ហើយយន្តហោះចម្បាំងរុស្ស៊ីទាំងអស់ ដែលបានចូលរួមក្នុងបេសកម្មនេះ ត្រូវបានដកចេញ។
អ្នកនាំពាក្យបានឲ្យដឹងថា ការប្រើប្រាស់បន្ថែមទៀតនៃមូលដ្ឋានអាកាស Hamadan នឹងត្រូវបានផ្អែក លើកិច្ចព្រមព្រៀងគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មនិងស្ថានភាពវិវត្តនៅប្រទេសស៊ីរី៕
មតិយោបល់