ព័ត៌មានបច្ចេកវិទ្យា

Google កំពុងគាំទ្រគម្រោងបង្កើតកម្មវិធីរ៉ូប៉ូតរាយការណ៍ព័ត៌មាន ជំនួសអ្នកកាសែត

ក្រុមហ៊ុន Google កំពុងផ្តល់ការគាំទ្រជាថវិកាទៅដល់ស្ថានបនសារព័ត៌មានអង់គ្លេស Press Association ជាមួយទឹកប្រាក់ ៨០៥,០០០ ដុល្លារ ដើម្បីបង្កើតកម្មវិធីរ៉ូប៉ូតថ្មីមួយ ដែលអាចរាយការណ៍ជាអត្ថបទព័ត៌មានក្នុងស្រុកចំនួន ៣០,០០០ ក្នុងមួយខែ ដោយស្វ័យប្រវត្តិ ជំនួសអ្នកកាសែត។

លុយមូលនិធិនេះ គឺឋិតក្នុងគម្រោង Digital News Innovation របស់ Google ដែលក្រុមហ៊ុនមហាយក្ស​អិុន​ធើណែត បានចាប់ផ្តួចផ្តើមបង្កើតឡើងក្រោមការប្តេជ្ញាចិត្តជាមួយទុនវិនិយោគ ១៧០ លានដុល្លារ ដើម្បីគាំ​ទ្រ​ការច្នៃបង្កើតថ្មីក្នុងវិស័យសារព័ត៌មានឌីជីថលនៅតំបន់អឺរ៉ុប។

PA បានទទួលមូលនិធិនេះ ដោយមានកិច្ចសហការក្នុងភាពជាដៃគូជាមួយ Urbs Media ដែលជាក្រុមហ៊ុនអា​ជីវ​កម្ម​ឯកទេសខាងផលិតកម្មវិធីស្វ័យប្រវិត្តកម្ម តាមរយ:ការស្វែងរក ទាញយក និងប្រើប្រាស់ប្រភពទិន្ន​ន័យ​ចំហរធំៗ។

តាមរយ:ភាពជាដៃគូនេះ ស្ថាបនទាំងពីរនឹងរួមគ្នាបង្កើតកម្មវិធីថ្មីមួយមានឈ្មោះថា Radar (Reporters And Data And Robots)។ កម្មវិធីនេះ នឹងប្រមែប្រមូលប្រភពទិន្នន័យព័ត៌មានសាធារណ:ពីភ្នាក់ងាររដ្ឋាភិបាល និងក្រុមអ្នកអនុវត្តច្បាប់ក្នុងប្រទេស។

Radar នឹងធ្វើការជំនួសអ្នករាយការណ៍ព័ត៌មាន ឬអ្នកកាសែតធម្មតា ដោយទិន្នន័យព័ត៌មានដែលប្រមូលបាន វានឹងប្រើប្រាស់កម្មវិធី Natural Language Generation ដើម្បីបំប្លែងចេញទៅជាពាក្យ ហើយដំណើរការនេះ គឺនឹងប្រព្រឹត្តទៅដោយស្វ័យប្រវត្តិ។

ទោះយ៉ាងណា វាក៏ត្រូវការអ្នកសារព័ត៌មានបួនប្រាំនាក់នៅចាំគ្រប់គ្រងប្រភពទិន្នន័យ និងកែសម្រួលអត្ថបទព័ត៌មានចេញពីកម្មវិធី Radar ដើម្បីធ្វើឱ្យប្រាកដថា អត្ថបទព័ត៌មានទាំងនោះត្រឹមត្រូវ ប្រាកដប្រជា និងជាក់ច្បាស់ អាចបម្រើដល់មហាជនបាន៕


ប្រភពព័ត៌មាន: recode

មតិយោបល់