ចិន: ក្រសួងការបរទេសចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគេហទំព័រ របស់ខ្លួននៅថ្ងៃសុក្រនេះថា នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានប្រាប់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ថា លោកសង្ឃឹមថា ប្រទេសទាំងពីរអាចធ្វើការរួមគ្នា ដើម្បីនាំយកមកនូវចំណងទាក់ទង ទ្វេភាគីត្រឡប់ទៅធម្មតាវិញ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦។
មេដឹកនាំទាំងពីរ បានជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលថ្នាក់តំបន់មួយ នៅក្នុងរដ្ឋធានីវៀងចន្ទប្រទេសឡាវ កាលពីថ្ងៃព្រហស្បតិ៍ ចំពេលនៃភាពតានតឹងរវាងចិន និងហ្វីលីពីននៅលើដែនទឹក ដែលមានជម្លោះ នៅក្នុងសមុទ្រចិនខាងត្បូង។
សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា លោក Li បាននិយាយថា លោកសង្ឃឹមថា ទំនាក់ទំនងទ្វេភាគី អាចនឹងល្អប្រសើរ ប្រកបដោយស្ថិរភាព និងការអភិវឌ្ឍ។
ក្នុងនោះដែរ លោក Duterte បាននិយាយដោយកត់សម្គាល់ថា ការថ្លែងរបស់លោក Li នឹងជួយកែលម្អទំនាក់ទំនងជាមួយប្រទេសចិន ដែលនេះជាអ្វីដែលលោកកំពុងតែត្រូវការផងដែរ៕
មតិយោបល់