ចិនៈ ប្រភពពីអាជ្ញាធរ បានបញ្ជាក់ថា មនុស្ស ២២ នាក់ ត្រូវបានស្លាប់បន្ទាប់ពីអគារលំនៅដ្ឋាន បានដួលរលំ កាលពីព្រឹកថ្ងៃចន្ទ នៅទីក្រុង Wenzhou ក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។
គ្រោះមហន្តរាយនេះ បានកើតឡើងនៅឧស្សាហកម្ម Lucheng ក្នុងស្រុកមួយនៃទីក្រុង Wenzhou។ ក្រុមអ្នកជួយសង្គ្រោះ ប្រមាណ ៨០០ នាក់ បានបញ្ចប់ប្រតិបត្តិការស្វែងរកជនរងគ្រោះ នៅម៉ោងប្រហែល ១ ទៀបភ្លឺថ្ងៃអង្គារ បន្ទាប់ពីមនុស្ស ២៨នាក់ ត្រូវបានគេទាញចេញពីគំនរបាក់បែក។
ក្នុងចំណោមពួកគេ មានតែ៦ នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
គួរបញ្ជាក់ដែរថា មកទល់ពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៃការបាក់អគារនោះទេ ដោយសាវាកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕
មតិយោបល់