ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាមេរិកនឹងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល នៅកូរ៉េខាងត្បូងនាពេលឆាប់ៗខាងមុខ

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ បានឲ្យដឹងថា ខ្លួននឹងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល នៅកូរ៉េខាងត្បូងឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន បើទោះបីជាមានការជំទាស់ពីប្រទេសចិនក៏ដោយ។ នេះបើយោងតាមរយៈ សារព័ត៌មាន channel news asia ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។

នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីកូរ៉េខាងត្បូង នៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បានបញ្ជាក់ថា ប្រព័ន្ធ THAAD នឹងត្រូវបញ្ជូនទៅកាន់ឧបទ្វីបកូរ៉េនាពេលឆាប់ៗខាងមុខ។

ក្រុងវ៉ាស៊ីនតោន បានយល់ឃើញថា ការដាក់ពង្រាយប្រព័ន្ធកម្ពស់ខ្ពស់ការពារជាតិរបស់អាមេរិក ក្នុងតំបន់ស្ថានីយនៅកូរ៉េខាងត្បូង គឺជាការប្រឆាំងនឹងការបាញ់មីស៊ីល និងបច្ចេកវិទ្យានុយក្លេអ៊ែររបស់រដ្ឋាភិបាលកូរ៉េខាងជើង។

ប៉ុន្តែចិន បានព្រមានថា ខ្លួនបានមើលឃើញថា វាជាការគំរាមកំហែងដល់តុល្យភាពនៃអំណាច ក្នុងតំបន់នោះ ដោយអះអាងថា វាជាការចង់បង្ហាញប្រសិទ្ធភាពនុយក្លេអ៊ែររបស់ក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូល ជាជាងការការពារ។

លោក Kerry បានថ្លែងថា «អាមេរិកនឹងធ្វើអ្វីដែលចាំបាច់ សម្រាប់ការពារខ្លួនពួកយើង និងដើម្បីគោរពដល់ការប្តេជ្ញាចិត្តសន្តិសុខ ចំពោះសម្ព័ន្ធមិត្តរបស់យើង»។ លោកបានបន្ថែមទៀតថា «ហើយយើងនឹងដាក់ពង្រាយវា ឲ្យបានឆាប់ៗតាមដែលអាចធ្វើបាន ទៅកាន់តំបន់សម្ព័ន្ធមិត្តកូរ៉េខាងត្បូងរបស់យើង»។

គួរបញ្ជាក់ដែរថា ក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូល បានព្រមព្រៀងគ្នាក្នុងការដំឡើងប្រព័ន្ធប្រឆាំងមីស៊ីល THAAD នៅរដូវក្តៅម្តងហើយ បន្ទាប់ពីការធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលរបស់ក្រុងព្យុងយ៉ាង៕

us-to-deploy-missile-defence-to-south-korea-soon

មតិយោបល់