ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រុស្ស៊ី៖ ក្រុមភេរវករប្រើប្រាស់អាវុធគីមី វាយប្រហារនៅទីក្រុងអាឡេប៉ូ

រុស្ស៊ីៈ ក្រសួងការពារជាតិរបស់រុស្ស៊ី នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ខ្លួនបានរកឃើញភស្តុតាង ដែលបង្ហាញថា ពួកភេរវករបានប្រើប្រាស់អាវុធគីមីប្រឆាំងនឹងជនស៊ីវិល និងយោធាស៊ីរី នៅតំបន់ជាយក្រុងភាគនិរតីនៃទីក្រុងអាឡេប៉ូ ក្នុងប្រទេសស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

អ្នកនាំពាក្យរបស់ក្រសួង លោក Maj. Gen. Igor Konashenkov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « ក្រុមអ្នកជំនាញរបស់ក្រសួងការពារជាតិរុស្ស៊ី បានរកឃើញរំសេវកាំភ្លើងធំ មិនទាន់ផ្ទុះរបស់ពួកភេរវករ ដែលមានផ្ទុកសារធាតុពុល»។

ការធ្វើតេស្តបំណែកគ្រាប់បែក និងគំរូដីនៅក្នុងមន្ទីរពិសោធន៍ចល័តមួយ បានបង្ហាញថា សារធាតុក្លរីន និងផូស្វ័រ ត្រូវបានគេយកមកប្រើប្រាស់ក្នុងអាវុធ។

ការវិភាគយ៉ាងជ្រាលជ្រៅនៃសារធាតុពុល ដែលរកឃើញនៅទីក្រុងអាឡេប៉ូនេះ ត្រូវបានធ្វើឡើងក្នុងមន្ទីរពិសោធន៍នៃមជ្ឈមណ្ឌលវិទ្យាសាស្រ្តនុយក្លេអ៊ែរ និងកងទ័ពការពារជីវសាស្រ្តគីមីរុស្ស៊ី ដែលទទួលបានអាជ្ញាប័ណ្ណដោយអង្គការសម្រាប់ហាមឃាត់ការផលិតអាវុធគីមី (OPCW) ៕

terrorists-use-chemical-weapons-in-syrias-aleppo

មតិយោបល់