ភ្នំពេញ: អ្នករើសអេតចាយ ជាងកាត់សក់ និងជាងឈើ ដូរមុខរបរទៅលួចកាត់ខ្សែភ្លើង បានប្រវែង៦០ម៉ែត្រ ត្រូវប៉ូលិសចាប់ខ្លួនបានទាំង៤នាក់ នៅចំណុចមុខរោងចក្រ ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាវេលាម៉ោង០១និង១៥នាទី យប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦នេះ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន០៤នាក់៖
ទី១-ឈ្មោះ ហុក ថារិន ហៅម៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះអុំ ភូមិត្នោតជុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទី២-ឈ្មោះឈៀង ឈួន ហៅឆុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល ភូមិត្នោតជុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទី៣-ឈ្មោះឈឹម ប៊ុនធិន ហៅភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅផ្ទះជួល ភូមិត្នោតជុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទី៤-ឈ្មោះរ៉ាត់ សុភា ហៅភា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររើសជាងឈើជាងកាត់សក់ ស្នាក់នៅផ្ទះមីង ភូមិត្នោតជុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដកហូតបានវត្ថុតាង ខ្សែភ្លើងប្រវែង៦០ម៉ែត្រ ម៉ូតូសេ១០០ ពណ៌ក្រហម (គ្មានស្លាកលេខ,គ្មានលេខតួ លេខម៉ាស៊ីន) និងរឺម៉ក០១។
សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង២និង០០នាទី ជនរងគ្រោះឈ្មោះ រៀម រស្មី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ណឹម ម៉េង មានទីលំនៅភូមិត្រពាំងរកា ឃុំពេជ្រមុន្នី ស្រុកគងពិសិ ខេត្តកំពង់ស្ពឺ និងបុគ្គលិកក្រុមហ៊ុន ណឹម ម៉េង ០៤នាក់ បានរង់ចាំឃ្លាំមើលជនសង្ស័យដែលលួចកាត់ខ្សែភ្លើង តាមបណ្តោយផ្លូវលេខ២១៧។
លុះដល់វេលាម៉ោង០១និង១៥នាទី រំលងអាធ្រាត ចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខរោងចក្រ ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែឃើញម៉ូតូអូសរ៉ឺម៉ក អេតចាយ០១គ្រឿង មានគ្នា០៤នាក់ កំពុងធ្វើសកម្មភាពជីកកាយយកខ្សែភ្លើង កាត់ដាក់លើរ៉ឺម៉ក ពេលនោះជនរងគ្រោះ និងបុគ្គលិក បានឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ និងវត្ថុតាង យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ដង្កោ ដើម្បីធ្វើការសាក់សួរ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ៕
មតិយោបល់