ព្រះវិហារ : ចាប់ពីថ្ងៃទី៣០ មេសា ដល់០២ ឧសភា ២០១៦ កម្លាំងសមត្ថកិច្ចចម្រុះ ចុះល្បាតការពារព្រៃព្រះរកា បានដកហូត វត្ថុតាងបទល្មើសព្រៃឈើ និងសត្វព្រៃមួយចំនួន។
សេចក្តីរាយការណ៍ បានឲ្យដឹងនៅព្រឹកថ្ងៃទី០២ ឧសភានេះថា កម្លាំងចម្រុះបានដើរល្បាតជាច្រើនកន្លែងក្នុងព្រៃព្រះរកា ដែលសង្ស័យមានជនខិលខូចកំពុងប្រព្រឹត្តបទល្មើសដូចជាអារឈើនិងបរបាញ់សត្វព្រៃ។ ក្រុមការងារដឹកនាំសហការចុះល្បាត រួមមាន នាយរងខណ្ឌរដ្ឋបាលព្រៃឈើ,នាយនាយរងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ,នាយនាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត និងនាយនាយរងផ្នែកឆែបរួមទាំង នាយនាយរងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រទ្បៅម្លូរព្រៃ។
លទ្ធផលបឋមនៃការបង្ក្រាបបទល្មើសព្រៃឈើរបស់កម្លាំងចម្រុះដកហូតបានពីជនល្មើស រួមមាន ឈើអារ និងឈើតាប់សន្លឹកនិងតុមូលចំនួន២គោយន្តកន្ត្រៃ រណាយន្ត ១គ្រឿង កាំភ្លើងខ្យល់ ១ដើម ពស់ថ្លាន់ ១ក្បាល និងឃាត់ខ្លួនជនល្មើសម្នាក់កំពុងធ្វើសកម្មភាពអារឈើក្នុងព្រៃ។
សូមបញ្ជាក់ថា ក្នុងចុះល្បាតក្នុងព្រៃព្រះរកានេះ ផងដែរ កម្លាំងសមត្ថកិច្ច មិនបានចុះទៅបិទទីតាំងរោងសិប្បកម្មដ៏ធំមួយកន្លែងរបស់ឈ្មួញឈើដុះស្លែម្នាក់ឈ្មោះ គិត នៅទ្បើយទេ។ ទីតាំងរោងសិប្បកម្មកែច្នៃឈើនេះនៅក្បែរៗព្រៃព្រះរកាស្ថិតនៅក្នុងឃុំម្លូរព្រៃ១ ស្រុកឆែប ហើយឈើតាប់ប្រណីតនិងឈើលេខ១ ខុសច្បាប់មួយចំនួនធំត្រូវបានអ្នកកាប់បំផ្លាញព្រៃឈើយកទៅលក់ឲ្យឈ្មួញម្នាក់នេះជារៀងរាល់ថ្ងៃ៕
មតិយោបល់