ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

BMW បញ្ចប់ភាពជាដៃគូសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Baidu ប្រទេសចិន

2483b508-8c99-481b-a833-9e7792fb3a7a

ក្រោយរយៈពេល២ឆ្នាំនៃកិច្ចការសហការគ្នា ក្នុងការផលិតរថយន្តស្វ័យភាព(រថយន្តបើកបរដោយខ្លួនឯង) ក្រុមហ៊ុន BMW និងក្រុមហ៊ុនយក្ស Baidu របស់ចិន បានបញ្ចប់ភាពជាដៃគូរសហការរវាងគ្នាហើយ នេះបើយោងតាមសេចក្តី រាយការណ៍ជាច្រើន។ ក្រុមហ៊ុន Baidu បាននិយាយថា ឥឡូវនេះ គេកំពុងស្វែងរកក្រុមហ៊ុនផលិតរថយន្ត សម្រាប់សហការគ្នាជាមួយការធ្វើតេស្តលើរថយន្តស្វ័យភាព នៅក្នុងសហរដ្ឋអាមេរិក។

លោក Wang Jing ប្រធានផ្នែកអភិវឌ្ឍន៍រថយន្តស្វ័យភាព ក្នុងក្រុមហ៊ុន Baidu បានប្រាប់ទៅសារព័ត៌មាន Reuters ថា ក្រុមហ៊ុនលោកកំពុងប្រើប្រាស់រថយន្ត Lincoln របស់ក្រុមហ៊ុន Ford សម្រាប់ការធ្វើតេស្តនេះ។ លោក Wang បាននិយាយថាគាត់កំពុងបើកការទទួលដៃគូសហការជាមួយ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Baidu និង BMW បានបដិសេធមិនបញ្ចេញយោបល់ ប៉ុន្តែនាយកប្រតិបត្តិក្រុមហ៊ុន BMW បានប្រាប់ទៅកាន់សារព័ត៌មាន Reuters ថា ក្រុមហ៊ុនទាំង២ មានគោលដៅខុសពីគ្នា ចំពោះការស្រាវជ្រាវទៅលើ រថយន្តស្វ័យភាព។ ពួកយើងពេលនេះ បានរកឃើញថា កម្រិតនៃការអភិវឌ្ឍន៍ និងគំនិតក្នុងការឆ្នៃប្រឌិត នៃក្រុមហ៊ុនទាំងពីរ មានសភាពខុសគ្នាបន្តិចបន្តួច នេះជាសម្តីរបស់នាយកប្រតិបត្តិក្រុមហ៊ុន BMW ប្រទេសចិន លោក Olaf Kastner។

ក្រុមហ៊ុន BMW បាននិយាយថា គេចង់ពាំនាំនូវបច្ចេកវិទ្យាឡានបើកបរដោយខ្លួនឯង ទៅលើទីផ្សារនាឆ្នាំ ២០២១ខាងមុខ ប៉ុន្តែក្រុមហ៊ុន Baidu មានមហិច្ឆិតា លើសពីនេះទៅទៀត ដោយចង់បញ្ចេញបច្ចេកវិទ្យាថ្មីរបស់គេ ក្នុងឆ្នាំ២០១៨នេះតែម្តង។

វាមានចំណុចជាច្រើនដែលជាការរាំងស្ទះ សម្រាប់ក្រុមហ៊ុនទាំង២មិនឲ្យសហការគ្នាបន្តទៀតបាន។ ក្រុមហ៊ុន BWM បានបង្កើនភាពជាដៃគូរសហការជាមួយក្រុមហ៊ុនផ្សេងៗ ដែលធ្វើការទៅលើបច្ចេកវិទ្យារថយន្តស្វ័យភាព រួមជាមួយក្រុមហ៊ុន Mobileye ដែលជាក្រុមហ៊ុនរុករកបច្ចេកវិទ្យាបើកជៀសការប៉ះទង្គិចគ្នា និងជាមួយក្រុមហ៊ុន Intel ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប៕

មតិយោបល់