ព័ត៌មានបច្ចេកវិទ្យា ព្រឹត្តិការណ៍ សំខាន់ៗ

របៀបកត់សម្គាល់“ព័ត៌មានក្លែងក្លាយ”បង្ហោះផ្សាយលើទំព័រ Facebook របស់អ្នក

photo_2016-11-21_15-09-07

ដោយសារតែលំហូរសេរីនៃព័ត៌មាន តាមបណ្តាញទំនាក់ទំនងសង្គម Facebook រហូតនាំឱ្យមានការរិះគន់ថា វាបានជះឥទ្ធិពលដល់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក តាមរយៈរលកនៃព័ត៌មានបោកប្រាស់នោះ លោក Mark Zuckerberg ពុំទាន់មានវិធានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៅឡើយទេ។

អ្នកប្រើប្រាស់បណ្តាញសង្គមធំបំផុតនេះ នៅក្នុងប្រទេសកម្ពុជាយើង ក៏រងឥទ្ធិពលពីព័ត៌មានទាំងនោះមិនតិចដែរ។ ម្លោះហើយ Post Tech សូមលើកយកពីរបៀបកត់សម្គាល់ ព័ត៌មានក្លែងក្លាយ មួយចំនួនមកបង្ហាញជូនប្រិយមិត្តទាំងអស់គ្នា បានជ្រាបដូចតទៅ៖

១- ត្រូវដឹងពីប្រភេទព័ត៌មានក្លែងក្លាយ ឬបោកបញ្ឆោត

– ព័ត៌មានក្លែងក្លាយ

ងាយស្រួលកត់សម្គាល់ដឹងបំផុត ហើយជាញឹកញាប់វា ត្រូវបានចែកចាយ ឬបង្ហោះឡើង ដោយប្រើប្រាស់គេហទំព័រ ក្លែងក្លាយ ដែលត្រូវបានរចនាឱ្យមើលទៅដូចគ្នាទៅនឹងគេហទំព័រពិត ជាមួយការដាក់បញ្ចូលរូបភាព និងចំណងជើងបោកប្រាស់។

– ព័ត៌មានបំភន់ការពិត

ពិបាកកត់សម្គាល់ដឹងបំផុត ដោយវាត្រូវបានដាក់បញ្ចូលធាតុផ្សំសំខាន់ៗនៃព័ត៌មានដូចជា ព្រឹត្តិការណ៍ ហេតុការជាក់ស្តែង ឬសម្រង់សម្តីផ្សេងៗ។

– ព័ត៌មានបញ្ឆោតឱ្យចុចលើ

ព័ត៌មានប្រភេទនេះ ចំណងជើងរបស់វា ត្រូវបានដាក់យ៉ាងទាក់ទាញខុសធម្មតា ឬធ្វើឱ្យអ្នករំជួលចិត្តបំផុត ដើម្បីបញ្ឆោតអ្នកឱ្យចុចចូលអាន។

– ព័ត៌មានអធិប្បាយត្មះដៀល

ព័ត៌មានបែបនេះ ពិបាកសម្គាល់ដឹងណាស់ ព្រោះវាមិនមែនជាការក្លែងបន្លំព័ត៌មានពិតនោះទេ ប៉ុន្តែ វាបង្ហាញចេញជាការអធិប្បាយតិះដៀល ឬកម្សាន្ត ហើយប្រសិនបើអ្នកមិនស្គាល់គេហទំព័ររបស់វាទេនោះ អ្នកអាចចែកចាយវាបន្តទៅមិត្តភក្តិ។

២- របៀបសម្គាល់ព័ត៌មានក្លែងក្លាយ ឬបំប្លៃការពិត

– ត្រូវពិនិត្យមើលថាតើអាសយដ្ឋានគេហទំព័រព័ត៌មាននោះ មានកន្ទុយចំឡែកខុសពីធម្មតាដែរឬទេ។ ឧទាហរណ៍ ដូចជាកន្ទុយ “.co” ឬ “.su” ជាដើម។

– ត្រូវមើលថា តើចំណងជើងរបស់វាស៊ីគ្នាទៅនឹងព័ត៌មានខាងក្នុងអត្ថបទឬអត់។

– ត្រូវសម្គាល់ថា តើវាជារឿងរ៉ាវថ្មី ឬក៏ជារឿងរ៉ាវចាស់ ដែលគេលើកយកមកបំផុសបំផុលជាថ្មី។

– តើអត្ថបទនោះមានដាក់ ឬចង្អុលប្រាប់នូវប្រភពដើមនៃព័ត៌មានដែរឬយ៉ាងណា។

– តើមានតែគេហទំព័រមួយនេះទេឬ ដែលរាយការណ៍ព័ត៌មាននោះ។

– ត្រូវមើលថា សម្រង់សម្តីរបស់បុគ្គលរូបណាម្នាក់ (ប្រសិនបើមាន) ដែលបានលើកឡើងអាចតាមដានដឹងថា ពិតប្រាកដបានដែរឬទេ៕ ប្រភពព័ត៌មានៈ cnn

មតិយោបល់