ព័ត៌មានបច្ចេកវិទ្យា

បុគ្គលពិសេស ១០ នាក់ដំបូង មានគណនីបណ្តាញសង្គមយក្ស Facebook មុនគេលើពិភពលោក

Facebook គឺជាបណ្តាញសង្គមល្បីល្បាញជាងគេលើពិភពលោក មានអ្នកប្រើប្រាស់ប្រចាំខែខ្ទង់ ១.៦ ពាន់លាននាក់។ មកទល់ពេលនេះ មានប្រិយមិត្តខ្លះប្រហែលជាចង់ដឹងថា តើអ្នកណាដែលមានវាសនាបានប្រើប្រាស់បណ្តាញសង្គមមួយនេះក្នុងចំណោម ១០ នាក់ដំបូង? តើពួកគេជាអ្នកណា?

ឥឡូវនេះ Post Tech សូមបង្ហាញជូនខាងក្រោម រួមទាំងលើកពីប្រវត្តិសង្ខេបរបស់ពួកគាត់យកមកផងដែរ៖

ទី ១ – លោក Mark Zuckerberg

ជានាយកប្រតិបត្តិក្រុមហ៊ុន Facebook និងជាបុគ្គលទី ១ មានគណនី Facebook ប្រើប្រាស់មុនគេបង្អស់។ លោក Mark មានប្រពន្ធឈ្មោះ Priscilla Chan ក្រោយរៀបអាពាហ៍ពិពាហ៍ជាច្រើនឆ្នាំ ពួកគេបានបង្កើតកូនស្រីម្នាក់ឈ្មោះ Maxima Chan Zuckerberg។ បន្ទាប់ពីបណ្ដាញសង្គមមួយនេះ បានសាយភាយពាសពេញពិភពលោក គាត់ក៏មានគំនិតចង់ប្រែក្លាយខ្លួនទៅជាជនបដិវត្តន៍ម្នាក់ ដោយព្យាយាមបង្កើតបច្ចេកវិជ្ជាសម័យទំនើប ក្នុងការចែកចាយសេវាអ៊ិនធើណែតឥតគិតថ្លៃដល់ប្រជាជននៅទូទាំងពិភពលោក ជាមួយគម្រោង Internet.org និងបង្ហោះដ្រូន Aquila ដើម្បីជះសេវាអ៊ិនធើណែតពាសពេញពិភពលោក។

ទី ២ – លោក Chris Hughes

ជាអ្នកចូលរួមបង្កើតបណ្តាញសង្គម Facebook មួយរូប និងជាបុគ្គលទី ២​ ដែលមានគណនីហ្វេសប៊ុកប្រើមុនគេ។ លោក Chris បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅឯសាកលវិទ្យាល័យ Harvard និងបានធ្វើជាអ្នកនាំពាក្យតំណាងក្រុមហ៊ុន Facebook រហូតដល់ឆ្នាំ ២០០៧ ក៏បានចាកចេញ ទៅធ្វើជាអ្នកស្ម័គ្រចិត្តតំណាងឲ្យយុទ្ធនាការបោះឆ្នោតរបស់អតីតប្រធានាធិបតេយ្យលោក​ អូបាម៉ា។ លុះក្រោយមកទៀត លោកបានបង្កើតបណ្ដាញសង្គម Jumo ថ្មីមួយ មុនពេលដែលលោកក្លាយខ្លួនធ្វើជានាយកប្រតិបត្តិ និងនិពន្ធនាយក ទស្សនាវដ្តី The New Republic។

ទី ៣ – លោក Dustin Moskovitz

ជាអ្នកបានចូលរួមបង្កើត Facebook មួយរូបផ្សេងទៀត មានសញ្ជាតិ អាមេរិក កើតនៅរដ្ឋ Florida ត្រូវគេស្គាល់ថា ជាអ្នកធ្លាប់រស់នៅបន្ទប់ជាមួយលោក Zuckerberge អំឡុងឆ្នាំសិក្សានៅឯសាកលវិទ្យាល័យ Harvard។ បន្ទាប់ពីលោក បានចំណាយពេលសិក្សាលើភាសាកូដ PHP អស់រយ:ពេលពីរទៅបីថ្ងៃ ក៏ត្រូវបានគេចាត់តាំង ជាអ្នកកែតម្រូវរាល់កំហុសឆ្គងនៅលើកម្មវិធី Facebook នៅឆ្នាំដែលបណ្តាញសង្គមយក្សបានបង្កើតដំបូង ហើយក្រោយមក ក៏បានទ្បើងតំណែងជាប្រធានរងផ្នែកវិស្វ័កម្ម។ លោក និងមិត្តរួមការងារម្នាក់ទៀតឈ្មោះ Justin Rosenstein បានសម្រេចលាឈប់ពី Facebook ក្នុងឆ្នាំ ២០០៨ ទៅបង្កើតក្រុមហ៊ុនអភិវឌ្ឍកម្មវិធីសេវាកម្មមួយឈ្មោះ Asana។

ទី ៤ – លោក Arie Hasit

គាត់គឺជាមនុស្សម្នាក់ដែលមានវាសនាបានប្រើប្រាស់បណ្តាញសង្គមមុនគេទី ៤ ទាំងដែរគាត់មិនបានចូលរួមបង្កើតបណ្តាញសង្គមនេះផង។ នៅឯ Harvard គាត់គឺជានិស្សិតសិល្ប:មួយរូប សិក្សាអំពីប្រវត្តិសាស្រ្តប្រទេសអ៊ីស្រាអែល និងបានសរសេររឿងនយោបាយជាច្រើនជូនដល់សាកលវិទ្យាល័យ។ បច្ចុប្បន្នគាត់បានផ្លាស់ទីលំនៅទៅកាន់ទីក្រុង យ៉េរូសេឡឹម ស្ថិតនៅភាគខាងលិចនៃសមុទ្រមរណ: ដែលជាកន្លែងគាត់បង្រៀនសិស្សជនជាតិជ្វីស សម្រាប់អង្គការមិនស្វែងរកប្រាក់ចំណូល NOAM Olami គោលបំណងចង់ឲ្យក្មេងៗមានវ័យចាប់ពី ៨ ទៅ ១៨ ឆ្នាំ ផ្តល់តម្លៃទៅដល់ជនជាតិជ្វីស និងយល់ដឹងពីភាពជាអ្នកដឹកនាំ។

ទី ៥ – លោក Andrew McCollum

ជាបុគ្គលទី ៥ ដែលបានប្រើប្រាស់បណ្តាញសង្គម Facebook មុនគេ ក៏ជាសមាជិកបង្កើតបណ្តាញសង្គមនេះមួយរូបផងដែរ។ លោកបានបោះបង់ចោលការសិក្សាទៅចូលរួមបង្កើត Facebook តាំងពីពេលបណ្តាញសង្គមនេះចាប់បើកដំបូងម្ល៉េះ។ ក្រោយមកក្នុងឆ្នាំ ២០០៧ លោកបានត្រឡប់ទៅបន្តការសិក្សាវិញនៅ Harvard និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ។ លោក​ McCollum ធ្លាប់បានចូលរួមបង្កើតគេហទំព័រ Jobspice (រៀបចំប្រវត្តិរូបសង្ខេប) និងបានធ្វើដំណើរជុំវិញពិភពលោក រហូតក្លាយខ្លួនជាវិនិយោគិនល្បីល្បាញមួយរូប ស្របពេលនោះដែរ លោកបានបន្តយកថ្នាក់អនុបណ្ឌិតមួយ ផ្នែកវិស័យអប់រំ នៅឯ Harvard។ ក្រោយមកទៀត បានក្លាយជាសហគ្រិននៅក្នុងក្រុមហ៊ុន Flybidge Capital Partner និងបច្ចុប្បន្នផ្លាស់មកធ្វើជា នាយកប្រតិបត្តិ ក្រុមហ៊ុនទូរទស្សន៍លើបណ្តាញអ៊ិនធើណែត Philo ។

ទី ៦ – លោក Colin Kelly

ធ្លាប់ជាជំនួយការស្រាវជ្រាវ ផ្នែករូបវិទ្យា ដែលបានសិក្សានូវវិធីសាស្រ្តវិភាគសម្ព័ន្ធម៉ូលេគុល​ នៅ Harvard។ ក្រោយមកលោកក៏ប្រឡងយកបានយុត្តិសញ្ញាបត្រមួយពី សាលាច្បាប់នៃសាកលវិទ្យាល័យ Columbia ដោយពេលនោះ លោកក្លាយជាបុគ្គល ដ៏មានប្រជាប្រិយភាពម្នាក់ នៅទីក្រុង Windsor បន្ទាប់ពីបានធ្វើការតស៊ូមតិលើសិទ្ធិជនស៊ីវិលមួយ ក្នុងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការចេញច្បាប់រើសអើងមនុស្សស្រលាញ់ភេទដូចគ្នា។ បច្ចុប្បន្ន លោកកំពុងរស់នៅក្នុងទីក្រុង New York និងធ្វើការជាអ្នកកត់ត្រាពន្ធ នៅសហគ្រាសច្បាប់អន្តរជាតិ Paul, Weiss, Rifkind, Wharton & Garrison LLP។

ទី ៧ – លោក Mark Kaganovich

ជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកជីវគីមីវិទ្យានៅ Harvard ដែលជាសកលវិទ្យាល័យធ្លាប់រៀនជាមួយលោក Zuckerberge អំឡុងពេលសិក្សាថ្នាក់គណិតវិទ្យា។  លោកបាននិយាយថា “ស្ថាបនិក Facebook បានបន្ទាន់ឲ្យគាត់ដាក់រូបភាពលើ Profile ដោយសារតែគាត់មានការយឺតយ៉ាវក្នុងការធ្វើវានៅពេលនោះ”។ លោក Mark ធ្លាប់ធ្វើជាជំនួយការស្រាវជ្រាវនៅឯគ្រឹះស្ថាន Weizmann និងបានបង្កើតបណ្តាញសង្គមវិទ្យាសាស្រ្ត Labmeeting ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅ Harvard។ នៅក្នុងឆ្នាំ ២០០៩ លោកបាន បន្តយកថ្នាក់បណ្ឌិតនៅឯសាកលវិទ្យាល័យ Stanford ផ្នែកពន្ធុសាស្រ្ត។ ក្រោយមកទៀត ក្នុងឆ្នាំ ២០១៣ លោកធ្លាប់បានធ្វើជា CEO (ស្ថាបនិក) ក្រុមហ៊ុនស្រាវជ្រាវសុខមាលភាព SolveBio មួយដែលមានមូលដ្ឋាននៅទីក្រុង New York។

ទី ៨ – លោក Mark Kaganovich

ជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៅ Harvard ធ្លាប់បានចូលខ្លួនទៅក្នុងវិស័យជំនួញសេវាហិរញ្ញវត្ថុ។ លោកមានឯកទេសក្នុងការបង្កើតមូលនិធិ និងធ្លាប់បានធ្វើជាអ្នកជំនួញភាគហ៊ុននៅធនាគារ JP Morgan Chase មួយផងដែរ។ បច្ចុប្បន្ន លោកគឺជាអ្នកជំនួញប័ណ្ណភាគហ៊ុន ក្នុងក្រុមហ៊ុនមូលនិធិ Capeទស្សនា Capital នៅទីក្រុងឡុងដ៍។

ទី ៩ – លោក Manuel Antonio Aguilar

ភាពជឿជាក់របស់លោក Aguilar គឺចង់បង្កើតនូវផលប្រយោជន៍សង្គម និងបរិស្ថាន ដោយការផ្តល់ជាគ្រឿងបរិក្ខារសំខាន់ៗ សម្រាប់ផ្នែកទាក់ទងវិស័យសេដ្ឋកិច្ច ដែលជាគ្រឹះនៃថវិកាចំណូល (BoP)។ បច្ចុប្បន្ន លោកគឺជាប្រធាន ក្រុមហ៊ុនសំណង់មួយឈ្មោះ Contruccion AutoSuficiente, S.A។

ទី ១០ – លោក Zach Bercu

ជាអ្នកជំនាញផ្នែករោគវិទ្យុសកម្មម្នាក់ ធ្លាប់ធ្វើជាជំនួយការសាស្រ្តាចារ្យនៅសាលាឱសថសាស្រ្តនៃសាកលវិទ្យាល័យ Emory បន្ទាប់ពីលោកបានបញ្ចប់អាហារូបករណ៍នៅឯសាលាឱសថសាស្រ្ត Lcahn រួចមក។  បន្ទាប់មកទៀត លោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកចិត្តវិទ្យា នៅសាកលវិទ្យាល័យ Harvard ក្រោយមកក៏បានបន្តយកសញ្ញាបត្រវេជ្ជបណ្ឌិតពីសាកលវិទ្យាល័យ Emory។ លោក Bercu ចូលចិត្តមើលខ្សែភាពយន្ត ចំណាយពេលជាមួយក្រុមគ្រួសារ និងចាប់អារម្មណ៍លើបច្ចេកវិជ្ជា។ ក្រោយមក លោកបានក្លាយជាអ្នកពិសោធន៍នៅក្រុមហ៊ុនផលិតគ្រឿងកុំព្យូទ័រមួយ ទាក់ទងនិងរោគវិទ្យុសកម្ម៕

ប្រភព៖ fossbytes.com

មតិយោបល់