ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង ទំនងជាមិនអាចគេចផុតពីការស៊ើបអង្កេត

បរទេសៈ លោកស្រី ផាក គឿនហេ ប្រធានាធិបតីប្រទេស កូរ៉េខាងត្បូង បានធ្វើឲ្យប្រវត្តិសាស្រ្តកូរ៉េធ្លាក់ចុះ ខណៈលោកស្រីជាប្រធានរដ្ឋទីមួយ ដែលនឹងត្រូវអាជ្ញាធរបើកការស៊ើបអង្កេត។

យោងតាមសារព័ត៌មាន Koreatimes ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ព្រឹត្តិការណ៍ដែលមិនធ្លាប់កើតមានពីមុនមកនេះ បានកើនឡើងភាពតានតឹងជារៀងរាល់ថ្ងៃ ដោយកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងរដ្ឋសភាជាតិកូរ៉េខាងត្បូង រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Kim Hyun-woong បានផ្លាស់ប្តូរជំហរ ដោយនិយាយថា ប្រសិនបើចាំបាច់ លោកនឹងជំរុញឲ្យលោកស្រី ផាក សហការជាមួយការស៊ើបអង្កេតរបស់ព្រះរាជអាជ្ញា ក្នុងសំណុំរឿងអាស្រូវដ៏មានឥទ្ធិពល ដែលជាប់ពាក់ព័ន្ធនឹងមនុស្សជំនិតរបស់លោកស្រី គឺលោកស្រី Choi Soon-sil។

ពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវ ដែលកើតចេញពីការធ្វើឲ្យលេចធ្លាយរឿងអាស្រូវលើសុន្ទរថាប្រធានាធិបតីនេះដែរ លោក Kim Byong-joon ដែលជានាយករដ្ឋមន្រ្តីតែងតាំងដោយលោកស្រី ផាក បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា លោកជឿជាក់ថា ការស៊ើបអង្កេតទៅលើលោកស្រីប្រធានាធិបតី អាចនឹងត្រូវធ្វើឡើង។ លោកបានកត់សម្គាល់ថា ពលរដ្ឋទាំងអស់គឺមានសិទ្ធិស្មើគ្នា និងមានភារកិច្ចចំពោះមុខច្បាប់៕

f-park-a-20161015

មតិយោបល់