ព័ត៌មានអន្តរជាតិ

Update៖ ការជួយសង្គ្រោះជនរងគ្រោះ ដោយសារទឹកជំនន់ នៅទីក្រុងហ៊ូស្តុនរបស់អាមរិក កំពុងធ្វើទ្បើងមុនពេលព្យុះវិលត្រឡប់ជាថ្មី

អាមេរិកៈ ក្រុមជួយសង្គ្រោះតាមទូកដឹក រថយន្តដឹកទំនិញ និងឧទ្ធម្ភាគចក្រ កាលពីថ្ងៃចន្ទ បានប្រញាប់ប្រញាល់ ដើម្បីជួយដល់ជនរងគ្រោះរាប់រយនាក់ នៅតាមដងផ្លូវដែលជន់លិច ជុំវិញទីក្រុងហ៊ូស្តុន មុនពេលព្យុះ Harvey ត្រឡប់មកវិញ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសន្យាថា «រដ្ឋាភិបាលសហព័ន្ធ នឹងជួយស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅរដ្ឋតិចសាស ដែលកំពុងជួបប្រទះផលប៉ះពាល់ និងលំបាកឲ្យមានភាពឡើងវិញ បន្ទាប់ពីរងគ្រោះ ដោយសារព្យុះជាប្រវត្តិសាស្ត្រនេះ។

ការិយាល័យផ្នែកវេជ្ជសាស្រ្ត នៅ Harris County រួមទាំងទីក្រុងហ៊ូស្តុន បានបញ្ជាក់ថា មនុស្ស ០៦ នាក់ហើយបានស្លាប់ ចាប់តាំងពីថ្ងៃអាទិត្យ បន្ទាប់ពីការវាយប្រហារព្យុះ Hurvey ដ៏មានសក្តានុពលនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមមន្រ្តីក្នុងប្រទេស ក៏បានព្រមានផងដែរថា គ្រោះមហន្តរាយនេះ មិនទាន់អស់ឥទ្ធិពលនៅឡើយទេ ខណៈកន្លែងជម្រកគ្រួសារជាច្រើនទៀត កំពុងស្ថិតនៅក្នុងភាពអាសន្ន ដោយលើកទ្បើងថា ព្យុះត្រូពិកនេះ នឹងវិលត្រទ្បប់មកម្តងទៀត ដែលវានឹងប្រមូលផ្តុំគ្នា នៅលើឆ្នេរនៃឈូងសមុទ្រ៕

អភិបាលទីក្រុងហ៊ូស្តុន លោក Sylvester Turner បាននិយាយថា មនុស្សជាង ៨ពាន់នាក់ហើយ ត្រូវបានគេជម្លៀសចេញពីលំនៅដ្ឋានរបស់ពួកគេ នៅក្នុងទីក្រុងដ៏ធំបំផុតទីបួនរបស់អាមេរិកនេះ ដែលការសម្រេចចិត្តយ៉ាងដូច្នេះ បានធ្វើទ្បើងដើម្បីការពារសុវត្ថិភាពប្រជាជន មុនពេលព្យុះ Harvey វាយប្រហារម្ដងទៀតនៅចុងសប្តាហ៍នេះ៕

មតិយោបល់