ព័ត៌មានអន្តរជាតិ

​អតីត​អភិបាល​រដ្ឋតិចសាស់ ក្លាយជា​រដ្ឋមន្ត្រី​ក្រសួងរ៉ែ និងថាមពលអាមេរិក

អាមេរិកៈ ​អតីត​អភិបាល​រដ្ឋតិចសាស់ លោក Rick Perry ជា​រដ្ឋមន្ត្រី​ក្រសួងរ៉ែ និងថាមពល ត្រូវបានតែងតាំង ក្រោយការសម្រេចចិត្តយ៉ាងម៉ត់ចត់ ដោយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ​។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០១៦។

ក្រោយការ​ចាញ់លើការប្រកួត​ប្រជែង​​បោះ​ឆ្នោត​តែងតាំង​បេក្ខជន​ប្រធានាធិបតី​ សម្រាប់​គណបក្ស​សាធារណរដ្ឋ​កន្លង​មក ​លោក Rick Perry ដែល​មាន​វ័យ ៦៦ ឆ្នាំ​រូប​នេះ បាន​ងាក​មក​គាំទ្រ​លោក​ត្រាំ​ ដោយ​បាន​និយាយ​ថា « លោក​ត្រាំ​មិន​មែន​ជា​ជម្រើស​ទី​មួយ ឬ​ជា​ជម្រើស​ទី​ពីរ​របស់​លោក​ សម្រាប់​តំណែង​ជា​ប្រធានាធិបតី​ទេ ប៉ុន្តែ​លោក​គឺ​ជា​ជម្រើស​របស់​ប្រជាពលរដ្ឋ។

លោក​ត្រាំ​កាលពី​ថ្ងៃ​ពុធ​នេះ បាន​តែងតាំង​លោក Perry ជា​ផ្លូវការ​ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និងថាមពល ដែល​ជា​ក្រសួង​មាន​បុគ្គលិក​រាប់សែន​នាក់ ដែល​លោក Perry នឹង​មាន​តួនាទី​ទទួលខុសត្រូវ​លើ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ និង​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​គម្រោង​ថាមពល​ដែល​ទាញ​ពី​ថាមពល​ អាច​ប្រើប្រាស់​ឡើង​វិញដូចជាពន្លឺព្រះអាទិត្យ ( Solar System )។

លោក​ត្រាំ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ថា៖ «រដ្ឋបាល​របស់​ខ្ញុំ​នឹង​ធ្វើ​យ៉ាង​ណា​ធានា​ថា យើង​ទាញ​យក​ផល​ប្រយោជន៍​ចេញ​ពី​ប្រភព​ធនធាន​ធម្មជាតិ​ដ៏​ច្រើន​របស់​យើង ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ថាមពល​របស់​សហរដ្ឋ​អាមេរិក​មាន​ឯករាជ្យ​ភាព និង​បង្កើត​នូវ​ធនធាន​ថ្មី​ដ៏​ច្រើន​សម្រាប់​ប្រទេស​របស់​យើង៕

មតិយោបល់