ឥណ្ឌូនេស៊ីៈ បើតាមក្រុមអ្នកជួយសង្គ្រោះ បាននិយាយថា សាកសពជនរងគ្រោះ ២៧ នាក់ហើយ ត្រូវបានរកឃើញ ខណៈដែល ២២ នាក់ទៀត កំពុងបាត់ខ្លួនដោយសារគ្រោះទឹកជំនន់ និងរអិលបាក់ដី វាយប្រហារប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។
គ្រោះទឹកជំនន់នេះ បានកើតទ្បើងវេលាម៉ោងប្រហែល ១ ទៀបភ្លឺ (ម៉ោងក្នុងទីក្រុងហ្សាកាតា) ស្ថិតនៅតាមតំបន់មួយចំនួនក្នុងស្រុក Garut បន្ទាប់ពីទន្លេពីរជន់ហៀរ ដោយភ្លៀងធ្លាក់ខ្លាំង។
បើតាមអ្នកនាំពាក្យ បានឲ្យដឹងបន្ថែមថា គ្រោះទឹកជំនន់នេះ បានបំផ្លាញផ្ទះអស់ ៩៥១ ខ្នង ហើយមកទល់ពេលនេះ បុគ្គលិកទាហានសរុបចំនួន ១.៦០០ នាក់រួមទាំងប៉ូលិសផងដែរ កំពុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះប្រជាជនដែលរងផលប៉ះពាល់។
អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយ បានឲ្យដឹងថា គ្រោះមហន្តរាយធម្មជាតិនេះ បានបណ្ដាលឲ្យមនុស្ស រងរបួស ៣២ នាក់ និង ៤៣៣ នាក់ទៀត ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញ ដើម្បីទៅកាន់ទីកន្លែងសុវត្ថិភាព។
គួរបញ្ជាក់ដែរថា ឥណ្ឌូនេស៊ីទទួលរងការវាយប្រហារ ដោយទឹកជំនន់ និងការបាក់ដីជាញឹកញាប់ ក្នុងអំឡុងពេលភ្លៀងធ្លាក់ខ្លាំង៕
មតិយោបល់