ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន នឹងជំរុញកំណែទម្រង់រដ្ឋធម្មនុញ្ញ ស្ដីពីច្បាប់យោធាសន្តិភាពនិយម បន្ទាប់ពីការឈ្នះឆ្នោត

ជប៉ុនៈ បក្សនយោបាយរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីន ហ្សូអាបេ បានទទួលជ័យជម្នះដ៏ធំមួយ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដែលនាំឲ្យលោកបានក្លាយជានាយករដ្ឋមន្ត្រី ដែលបម្រើការយូរជាងគេបំផុតនៅក្នុងប្រទេស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។

តាមរយៈជ័យជម្នះនៃលទ្ធផលបោះឆ្នោត កាលពីម្សិលមិញ នឹងជំរុញឲ្យលោក ​អាបេ អាចធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ស្ដីពីច្បាប់យោធាសន្តិភាពនិយមទ្បើងវិញផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកអាបេ បានឈ្នះអាសនៈ ៣១២ កៅអី គឺស្មើទៅនឹង២ភាគ ៣ នៃសម្លេងសរុប ដែលជាលទ្ធផលឈ្នះយ៉ាងកងរំពង លើការបោះឆ្នោតជាតិរបស់ជប៉ុន។

សូមជំរាបថា យោងតាមមាត្រទី៩ នៃរដ្ឋធម្មនុញ្ញ ដែលជប៉ុនបានចុះហត្ថលេខាជាមួយអាមេរិក មានន័យថាជប៉ុនមិនអាចកាន់កាប់អាវុធ ដោយពុំមានការយល់ព្រមពីមហាអំណាចនោះទេ ប៉ុន្តែរដ្ឋបាលលោក អាបេ បានធ្វើកំណែទម្រង់វា ដោយអនុញ្ញាតឲ្យមានកម្លាំងយោធាសារជាថ្មីទ្បើងវិញ ដើម្បីជាការការពារខ្លួន៕

មតិយោបល់