អាមេរិកៈ ក្រុមហ៊ុនផលិតយន្តហោះធំៗចំនួនពីររបស់អាមេរិក ត្រូវបានប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ អញ្ជើញឲ្យចូលរួមក្នុងកិច្ចពិភាក្សាមួយ ដោយប្តេជ្ញាក្នុងការកាត់បន្ថយការចំណាយទៅលើកិច្ចសន្យាទិញឧបករណ៏សម្រាប់ការពារប្រទេស ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦។
ឧត្តមសេនីយមួយចំនួន ព្រមទាំងអគ្គនាយកនៃក្រុមហ៊ុនលក់យន្តហោះចម្បាំង Boeing និង Lockheed Martin បានជួបជាមួយលោក ត្រាំ កាលពីថ្ងៃពុធ នៅឯកន្លែងលំហែកាយ Mar-a-Lago របស់លោក ត្រាំ នៅក្នុងរដ្ឋ Florida។
លោក ត្រាំ បានថ្លែងកាលពីសប្តាហ៏មុនថា តម្លៃយន្តហោះចម្បាំង F-35 របស់ក្រុមហ៊ុន Lockheed ដែលជាយន្តហោះមានបច្ចេកវិទ្យាទំនើបបំផុតមួយនោះ មានតម្លៃថ្លៃហួសប្រមាណគឺមានតម្លៃដល់ទៅ ៣៧៩ពាន់លានដុល្លារ សម្រាប់យន្តហោះ ២៥០០គ្រឿង។
សូមជំរាបថា លោកត្រាំបានធ្លាប់គំរាមចង់លុបចោលកិច្ចសន្យាទិញយន្តហោះថ្មី សម្រាប់ប្រធានាធិបតីគឺយន្តហោះ Air Force One ដោយត្អូញថា យន្តហោះនោះមានតម្លៃថ្លៃពេក គឺមានតម្លៃដល់ទៅ ៤ពាន់លានដុល្លារ ដែលយន្តហោះមួយគ្រឿង សម្រាប់លោកធ្វើដំណើរនៅពេលដែលខ្លួនក្លាយជាប្រធានាធិបតីអាមេរិកផ្លូវការ៕
មតិយោបល់