ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង បានបញ្ជាឲ្យបិទក្រុមហ៊ុនអាជីវកម្មរបស់កូរ៉េខាងជើង នៅក្នុងប្រទេសខ្លួន ត្រឹមរយៈពេលយូរបំផុត នាខែមករាខាងមុខ ក្នុងគោលបំណងដើម្បីកាត់ប្រាក់ចំណូលបរទេស របស់ទីក្រុងព្យុងយ៉ាង ស្របតាមការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។
ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនកូរ៉េខាងជើង រួមទាំងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនចិន នឹងត្រូវបិទដំណើរទាំងស្រុង ត្រឹមរយៈពេល ១២០ ថ្ងៃ ដោយគិចចាប់ពីថ្ងៃនៃសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៧។
ការដាក់ទណ្ឌកម្មនេះ គឺតម្រូវឲ្យបណ្ដាប្រទេស ដែលជាប់ពាក់ព័ន្ធទាំងអស់ មិនត្រូវធ្វើពាណិជ្ជកម្ម ឬមានគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលអាចបង្កើតប្រាក់ចំណូលដល់កូរ៉េខាងជើងទ្បើយ។
សូមជំរាបថា មហាអំណាចចិនជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កូរ៉េខាងជើង ដែលការចូលរួមកិច្ចសហប្រតិបត្តិការរបស់ក្រុងប៉េកាំង ពិតជាមានសារៈសំខាន់ណាស់ ចំពោះជោគជ័យនៃការដាក់ទណ្ឌកម្មពីសំណាក់អង្គការសហប្រជាជាតិ ដើម្បីបញ្ឈប់ ឬលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង៕


មតិយោបល់