ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ពង្រាយប្រព័ន្ធបច្ចេកវិទ្យារ៉ាដាកម្រិតខ្ពស់ ដើម្បីការពារការបាញ់បង្ហោះមីស៊ីលផ្លោងឆ្លងទ្វីបរបស់កូរ៉េខាងជើង

អាមេរិកៈ មន្ត្រីការពារជាតិអាមេរិក បាននិយាយកាលពីថ្ងៃពុធថា ប្រព័ន្ធបច្ចេកវិទ្យារ៉ាដា កម្រិតខ្ពស់ ត្រូវបានដាក់ពង្រាយ នៅទីតាំងមូលដ្ឋានយោធាអាមេរិក ចេញពីរដ្ឋហាវ៉ៃដើម្បីត្រួតពិនិត្យ ចំពោះការធ្វើតេស្តសាកល្បងបាញ់បង្ហោះកាំជ្រួចមីស៊ីលឆ្លងទ្វីប(ICBM) ដ៏មានសក្តានុពលរបស់កូរ៉េខាងជើង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧។

កាលពីដើមខែនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា « អាវុធយក្លេអ៊ែរបាញ់ផ្លោងឆ្លងទ្វីប ICBM ដ៏មានសក្តានុពលរបស់ខ្លួន គឺជិតដល់ពេលត្រូវចាប់ផ្តើមធ្វើតេស្តសាកល្បងហើយ»។

ការដាក់ពង្រាយប្រព័ន្ធរ៉ាដានេះ អាចជួយតាមដាន ICBMs និងភាពខុសគ្នារវាងមីស៊ីលសត្រូវ និងអាវុធផ្សេងៗទៀត ដែលមិនមានការគំរាមកំហែង។

កាលពីថ្ងៃអង្គាររដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Ash Carte បាននិយាយថា «យោធាអាមេរិក អាចត្រួតពិនិត្យការធ្វើតេស្តបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង និងប្រមូលការណ៍សម្ងាត់ ជាជាងការបំផ្លាញវា ប្រសិនបើការបាញ់បង្ហោះនោះ មិនបានបង្កការគំរាមកំហែង»។

ក្នុងនោះដែរ លោក Carter បានបន្ថែមថា «ប្រសិនបើមីស៊ីលនេះ រងការគំរាមកំហែង នោះវានឹងត្រូវបានស្ទាក់ចាប់ តែបើវាគ្មានកាគំរាមកំហែងទេ យើងក៏មិនចាំបាច់ត្រូវបំផ្លាញវាដែរ»៕

មតិយោបល់