អាមេរិកៈ ប្រធានាធិបតីជិតផុតអាណត្តិអាមេរិក លោកបារ៉ាក់ អូបាម៉ា បានមានប្រសាសន៍ថា ប្រទេសអាមេរិក ជាកន្លែងទឹកដីមាតុភូមិរបស់លោក ដែលត្រូវបំពេញភារកិច្ចដ៏អស្ចារ្យ នៅពេលលោកចូលកាន់តំណែងប្រធានាធិបតីកាលពីឆ្នាំ២០០៨ ដោយលោកចង្អុលបង្ហាញពីការកែប្រែវិបត្តិសេដ្ឋកិច្ច ការអនុម័តកម្មវិធីថែរក្សាសុខភាពរបស់លោក និងការធ្វើឱ្យការរៀបអាពាហ៍ពិពាហ៍ រវាងមនុស្សស្រទ្បាញ់ភេទដូចគ្នាទទួលបានសិទ្ធិស្របច្បាប់។ បុព្វហេតុទាំងអស់នេះ ត្រូវបានលើកទ្បើងក្នុងសុន្ទរកថា នៅមុខពេលលោក សុំលាប្រជាពលរដ្ឋខ្លួន ដោយទទួលបានការទះដៃអបអរសាទរយ៉ាងខ្លាំង ពីមនុស្សរាប់ម៉ឺននាក់ នៅក្នុងទីក្រុង Chicago។
ដោយនៅសល់ពេលតិចជាងពីរសប្តាហ៍ នៅមុនការទទួលតំណែងរបស់ប្រធានាធិបតីថ្មី លោកអូបាម៉ា បានបញ្ជាដល់ពួកសហការីរបស់លោកឱ្យរៀបចំសុន្ទរកថាមួយ ដែលនឹងនិយាយទៅកាន់ជនរួមជាតិអាមេរិកគ្រប់គ្នា ដោយរួមមានបញ្ចូលទាំងជនដែលបានបោះឆ្នោតឱ្យលោក ត្រាំ ផងដែរ ជាពិសេសជុំវិញការផ្ទេអំណាច ដោយរលូនរបស់លោកទៅឲ្យលោក ត្រាំ និងការផ្តាំឲ្យប្រជាជនមានការរួបរួមជាតិ និងចេះស្រលាញ់ប្រទេសជាតិខ្លួន។
លើសពីនេះទៅទៀត លោកអូបាម៉ា បានបន្ថែមទៀតថា មានតែពលរដ្ឋអាមេរិកទាំងអស់គ្នាទេ ដែលធ្វើឱ្យប្រាកដប្រជាថា រដ្ឋាភិបាលអាចពុះពារឧបសគ្គជាច្រើនរបស់ប្រទេស ហើយលោកប្តេជ្ញាថា នឹងធ្វើឱ្យអន្តរកាលទៅកាន់រដ្ឋបាលថ្មីមានភាពរលូនតាមដែលអាចធ្វើទៅបាន ស្របតាមរបបប្រជាធិបតេយ្យ៕
មតិយោបល់