ព័ត៌មានអន្តរជាតិ

បណ្ដាប្រទេសជុំវិញពិភពលោក កំពុងផ្ទុះការតវ៉ាយ៉ាងខ្លាំង ជាមួយអាមេរិក ដោយសារ….

អាមេរិកៈ ការ​តវ៉ា​ប្រឆាំង​បាន​ផ្ទុះឡើង​៣សប្តាហ៍​​ជាប់ៗ​គ្នា​ នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ និង​បណ្ដាប្រទេស​ផ្សេងៗ​ទៀត​ដោយសារ​គោល​នយោបាយ​របស់​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ ក្នុងការហាម​ឃាត់​ពួក​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​មូស្លីមចំនួន​៧ ​មិន​ឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។ នេះបើតាមរយៈសារព័ត៌មាន BBC ចេញផ្សាយ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភពអង់គ្លេស ​មនុស្ស​រាប់​ពាន់​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​ កាលពី​ថ្ងៃ​សៅរ៍​នៅ​ខាង​ក្រៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ ដោយ​មាន​ការ​កាន់​បដា​ រួម​មាន​ពាក្យ​ស្លោក​ប្រឆាំង​នឹង​ប្រធានាធិបតីលោក ​ត្រាំ។​ ការតវ៉ា​នេះ ត្រូវបាន​រៀប​ចំទ្បើង ​ដោយ​ក្រុម​បាតុករប្រឆាំងនឹងការរើសអើង​ជាតិសាសន៍ និងសាសនា​ ព្រមទាំងថ្កោល​ទោសលើ​បទបញ្ជាដាក់កំហិតហាម​ឃាត់​ការ​ធ្វើ​ដំណើរ​របស់ជនអន្តោប្រវេសន៍​ ពីសំណាក់សហរដ្ឋ​អាមេរិក។

កាល​ពី​សប្តាហ៍​មុន ​មនុស្ស​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ទីក្រុង Toronto នៃ​ប្រទេស​កាណាដា ដើម្បី​តវ៉ា​ប្រឆាំង​នឹង​បទបញ្ជារបស់​ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ​ នេះផងដែរ។

ក្នុងនោះ​ដែរ នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេសបារាំង​ និង​ទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ ក៏មានការ​តវ៉ា​ប្រឆាំង​ប្រហាក់​ប្រហែល​គ្នា​នេះ។

ដោយទ្បែក​​ប្រទេស​អូស្រ្តាលីវិញ ​មនុស្ស​ប្រហែល​១​ពាន់​នាក់ ​បាន​ធ្វើ​បាតុកម្ម​ ​ក្នុង​ទីក្រុង​ស៊ីដនី​ផ្នែក​ខាង​កើត​ ដើម្បី​​ប្រឆាំង​បទ​បញ្ជា​ប្រធានា​ធិបតី​​អាមេរិក​នេះ ហើយ​បាន​អំពាវនាវ​ឲ្យ​ពួក​មេដឹកនាំ​អូស្រ្តាលី​ បិទ​មជ្ឈមណ្ឌល​ជន​ភៀស​ខ្លួន​នៅ​បរទេស​របស់ខ្លួន ក្រោយលោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បាននិយាយរឿងជនចំណាកស្រុក ជាមួយលោក ត្រាំ។

សូមជំរាបថា ប្រទេស​កាន់​សាសនា​ឥស្លាម​ចំនួន​៧​ ដែលត្រូវបានហាមឃាត់មិន​ឲ្យ​ជាន់ដី​អាមេរិក រួមមាន អ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ូដង់ ស៊ីរី លីប៊ី សូម៉ាលី និងប្រទេសយេម៉ែន៕

មតិយោបល់