ស៊ីរីៈ គណៈប្រតិភូដែលមកពីប្រទេសរុស្ស៊ី តួកគី អ៊ីរ៉ង់ និងអង្គការសហប្រជាជាតិ កាលពីថ្ងៃចន័្ទ បានជួបប្រជុំគ្នា នៅក្នុងរដ្ឋធានីអាស្តាណា នៃប្រទេសកាហ្សាក់ស្ថាន ដើម្បីពិភាក្សាកិច្ចព្រមព្រៀងឈប់បាញ់គ្នា ក្នុងប្រទេសស៊ីរីហៅថា Joint Operational Group។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧។
គណៈប្រតិភូបានពិភាក្សាលើបញ្ហានានា រួមទាំងការឃ្លាំមើលកិច្ចព្រមព្រៀងឈប់បាញ់គ្នា និងរារាំងការរំលោភលើការឈប់បាញ់ ដើម្បីធ្វើឲ្យមានសុវត្ថិភាព ដល់ការផ្គត់ផ្គង់ជំនួយមនុស្សធម៌ ក្នុងប្រទេសស៊ីរី។
កាលពីខែមុនប្រទេសតួកគី និងរុស្ស៊ី រួមជាមួយប្រទេសអ៊ីរ៉ង់ បាននាំប្រតិភូមកពីរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាមទៅកាន់ប្រទេសកាហ្សាក់ស្ថាន ដើម្បីចូលរួមការចរចាសន្តិភាព ដោយប្រទេសទាំង៣ ជាអ្នកចូលរួមជួយឃ្លាំមើលកិច្ចព្រមព្រៀងឈប់បាញ់គ្នា ក្នុងការឆ្ពោះទៅកាន់ដំណោះស្រាយខាងនយោបាយ ដើម្បីបញ្ចប់ជម្លោះនៅក្នុងប្រទេសស៊ីរី។
លោក Huseyi Mufluoglu អ្នកនាំពាក្យរដ្ឋាភិបាលតួកគី បាននិយាយថា ប្រទេសរបស់លោក នឹងមិនអនុញ្ញាតឲ្យពួកអ្នកប្រយុទ្ធមួយចំនួនធ្វើឲ្យខូចបទឈប់បាញ់គ្នានេះទេ ដែលវាបានចូលជាធរមានកាលពីចុងខែធ្នូឆ្នាំមុន។ លោកក៏បាននិយាយឡើងវិញពីគោលជំហររបស់តួកគី ដោយថា ប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាធ នឹងគ្មានទីកន្លែងនៅក្នុងរដ្ឋាភិបាលប្រទេសនេះ នាពេលអនាគតខាងនោះទេ។ ប្រទេសតួកគី បានគាំទ្រពួកឧទ្ទាមចាប់តាំងពីជម្លោះ បានចាប់ផ្តើមកាលពីឆ្នាំ២០១១។
ជោគវាសនារបស់ប្រធានាធិបតីលោក អាសាដ នឹងក្លាយជាចំណុចមួយ នៃការខ្វែងគំនិតគ្នា ក្នុងអំឡុងនៃកិច្ចខិតខំប្រឹងប្រែងជាច្រើនលើករបស់អន្តរជាតិ ដើម្បីធ្វើឲ្យសម្រេចសន្តិភាព នៅក្នុងប្រទេសស៊ីរី។ អង្គការសហប្រជាជាតិ បានបង្កើតគម្រោងការងារមួយ ដែលអំពាវនាវឲ្យមានរដ្ឋធម្មនុញ្ញ និងការបោះឆ្នោតថ្មី ខណៈដែលសម្ព័ន្ធមិត្តរបស់លោកអាសាដ រួមមានប្រទេសរុស្ស៊ី និង អ៊ីរ៉ង់ បាននិយាយថា លោកអាសាដ នឹងកាន់អំណាចតទៅទៀត ដែលវាជាបញ្ហាចម្រូងចម្រាស ក្នុងកិច្ចប្រជុំមួយនេះ៕



មតិយោបល់