ភ្នំពេញ: ក្រោយពីបានបើកសវនាការកាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧កន្លងទៅនោះ លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទទី១ ឈ្មោះ UCHEUHUKWU VINCENT IKENNA ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរអ្នកទេសចរណ៍ ដាក់ពន្ធានាគារ រយៈពេល ១ឆ្នាំ ទី២ឈ្មោះ សារី សុគន្ធា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ដាក់ពន្ធនាគាររយៈពេល ៦ខែ និងជនជាប់ចោទជាជនជាតិនីហ្ស៊េរីយ៉ា ចំនួន៤នាក់ ទៀតដែលកំពុងរត់គេចខ្លួន ដាក់ពន្ធនាគារកំណត់ ម្នាក់ៗ២ឆ្នាំ និងចេញដីកាតាមចាប់ខ្លួនមកអនុវត្តទោសក្នុងពន្ធនាគារ ពីបទឆបោក តាមបណ្ដាញសង្គមបច្ចេកវិទ្យា (ហ្វេសប៊ុក) ប្រព្រឹត្តកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលលេខ១១០ស្ទួន ផ្លូវលេខ១៣បេតេ ក្រុមទី០៣ភូមិ សន្សំកុសល៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ យោងតាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការនាពេលកន្លងទៅជនជាប់ចោទឈ្មោះ UCHEUHUKWU VINCENT IKENNA បានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តអំពើឆបោកដូចការចោទប្រកាន់នោះទេ។ ជនជាប់ចោទបន្តថា ខ្លួនបានមកដល់បករទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ហើយបានស្គាល់ឈ្មោះ ICHINOBI (កំពុងរត់គេចខ្លួន)។ ឈ្មោះ ICHINOBI បានហៅខ្លួនឱ្យទៅនៅបន្ទប់ជួលក្បែរគ្នា។ ជនជាប់ចោទបានឆ្លើយថា ខ្លួនមកប្រទេសកម្ពុជា គឺដើម្បីមករកទិញសម្លៀកបំពាក់ផ្ញើទៅឱ្យប្រពន្ធលក់នៅប្រទេសអាហ្វ្រិច ចំណែករឿង ឈ្មោះ ICHINOBI និងសង្សារឈ្មោះ សារី សុគន្ធា នាំគ្នាប្រើប្រាស់បច្ចេកវិទ្យា (ហ្វេសប៊ុក) ដើម្បីឆបោកលុយគេនោះខ្លួនមិនបានដឹងទេ។
ជនជាប់ចោទឈ្មោះ សារី សុគន្ធា បានឆ្លើយថា ខ្លួនមិនបានដឹងរឿងអ្វីទាំងអស់ពាក់ព័ន្ធនឹងរឿងឆបោកនេះ។ នៅថ្ងៃកើតហេតុម្តាយមីងឈ្មោះ រស្មី (មានសង្សារជាបរទេសស្បែកខ្មៅ និងកំពុងរត់គេចខ្លួន) បានប្រើឱ្យជួយជូនជនជាតិស្បែកខ្មៅឈ្មោះ ICHINOBI ទៅបើកលុយនៅ វីង។ នៅពេលទៅដកលុយ គឺដកមិនបានទេ រួចក៏ខលទៅជនរងគ្រោះ ថាដកមិនបានទេ ស្រាប់តែពេលនោះមានសមត្ថកិច្ចមកឃាត់ខ្លួនតែម្តង។ ជនជាប់ចោទបានសារភាពថា ខ្លួនបានជួយដកលុយឈ្មោះ ICHINOBI ច្រើនលើកមកហើយ។
គួររំលឹកថា ជនជាប់ចោទទាំង២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលលេខ១១០ស្ទួន ផ្លូវលេខ១៣បេតេ ក្រុមទី០៣ភូមិ សន្សំកុសល៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចបានដកហូត កុំព្យូទ័រយួរដៃចំនួន០៤ គ្រឿង ដុំម៉ូឌឹមមិត្តហ្វូន០២គ្រឿង ដុំTP-link ០១គ្រឿង ទូរស័ព្ទដៃចំនួន០១គ្រឿង លុយចំនួន១៤០ដុល្លារ លុយនីហ្សេរីយ៉ាចំនួន៩០០ និងឯកសារមួយចំនួនទៀត៕





មតិយោបល់