អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានប្រសាសន៍កាលពីថ្ងៃពុធថា ប្លង់របងដើម្បីទប់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ ពីប្រទេសម៉ិកស៊ិកមិនឲ្យចូលក្នុងសហរដ្ឋអាមេរិក កំពុងចាប់ផ្តើមហើយ នៅដើមខែកុម្ភៈ
នេះ។ នេះបើយោងតាមរយៈសារព័ត៌មាន CNN ចេញផ្សាយនៅ១០ ខែកុម្ភៈ ឆ្នាំ២០១៧។
លោកត្រាំ បាននិយាយក្នុងសុន្ទរកថាមួយ នៅឯរដ្ឋធានីវ៉ាស៊ីនតោនថា របងនោះកំពុងធ្វើ ហើយវានឹងក្លាយជារបងយ៉ាងធំមួយ ដែលនឹងផ្ដល់ផលប្រយោន៍យ៉ាងច្រើនដល់ប្រជាជនអាមេរិក។
លោកត្រាំ បានលើកឡើងវិញថា ការសន្យារបស់លោក ដើម្បីស្ថាបនារបងនៅតាមបណ្តោយព្រំដែនសហរដ្ឋអាមេរិកជាមួយប្រទេសម៉ិកស៊ិក ជាវិធីមួយក្នុងការបញ្ឈប់គ្រឿងញៀន កុំឲ្យហូរចូលក្នុងប្រទេសអាមេរិក ដោយលោកបានលើកយកអ៊ីស្រាអែលមកធ្វើជាឧទាហរណ៍ ដែលប្រទេសនេះ បានសាងសង់របងទទួលជោគជ័យ នៅតាមបណ្តោយព្រំដែនរបស់ខ្លួន។
សូមជំរាបថា អ៊ីស្រាអែលបានចាប់ផ្តើមស្ថាបនាប្រព័ន្ធរបង នៅឆ្នាំ២០០២ ក្នុងអំឡុងពេលនៃការងើបបះបោរដ៏ខ្លាំងលើកទី២ របស់ជនជាតិប៉ាឡេស្ទីន បន្ទាប់ពីបានឃើញពួកអ្នកដាក់គ្រាប់បែកអត្តឃាត បានចុចបំផ្ទុះវានៅកន្លែងសាធារណៈក្នុងទីក្រុងនានារបស់អ៊ីស្រាអែល រួមទាំងវាយប្រហារភេរវកម្មជាបន្តបន្ទាប់ ដែលជាហេតុផលនាំឲ្យអ៊ីស្រាអែលស្ថាបនារបង នៅតាមបណ្តោយ និងនៅខាងក្នុងតំបន់ West Bank ដើម្បីធ្វើជាទ្វារសម្រាប់ជនជាតិប៉ាឡេស្ទីនចូលក្នុងប្រទេសខ្លួន ដែលជាហេតុធ្វើឲ្យមានការខឹងសម្បា ពីប្រជាជនប៉ាឡេស្ទីនយ៉ាងខ្លាំង៕

មតិយោបល់