ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះចម្បាំង ៣គ្រឿងរបស់អាមេរិក នឹងឆ្ពោះដំណើរទៅកាន់ច្រាំងសមុទ្រកូរ៉េខាងត្បូង

ជប៉ុនៈ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ដកស្រង់ប្រភពពីរដ្ឋាភិបាល បានរាយការណ៍ថា ភាពតានតឹងនៅតំបន់អាស៊ីខាងកើតរឹតតែខ្លាំងទ្បើង ខណៈមន្ទីរបញ្ចកោណ នឹងដឹកនាវាផ្ទុកយន្តហោះចម្បាំង អាមេរិកចំនួន ០៣ គ្រឿង ឈ្មោះថា USS Carl Vinson, USS Ronald Reagan និងនាវា USS Nimitz ធ្វើដំណើរចូលសមុទ្រនៃប្រទេសជប៉ុន ឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ។ នេះបើយោងតាមរយៈ ទីភ្នាក់ងារយ៉ុនហាប់ ចុះផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូល កំពុងពិភាក្សាគ្នាអំពីការធ្វើសមយុទ្ធរួមគ្នាមួយ ដែលរួមបញ្ចូលនាវាផ្ទុក យន្តហោះចម្បាំងអាមេរិកចំនួន ០៣ គ្រឿង ត្រូវបានរំពឹងថា នឹងបញ្ចូលមកកាន់សមុទ្រប្រទេសជប៉ុន នៅថ្ងៃទី ២៥ ខែមេសាខាងមុខ និងថែមទាំងមានការចូលរួមពីយន្តហោះយោធាមួយចំនួនទៀតផងដែរ។

កាលពីថ្ងៃអាទិត្យ កូរ៉េខាងត្បូង និងអាមេរិក បានអះអាងថា ការធ្វើតេស្តសាកល្បងមីស៊ីថ្មី ដោយទីក្រុងព្យុងយ៉ាង គឺត្រូវបានទទួលបរាជ័យ ខណៈដែលកាលពីយប់ថ្ងៃសុក្រ មន្ត្រីយោធាកូរ៉េខាងជើង បានគំរាមកំហែងថា នឹងបំផ្លាញនាវាផ្ទុកយន្តហោះអាមេរិក ដែលបានធ្វើដំណើរមកជិតឧបទ្វីបកូរ៉េ នៅក្នុងករណីមានការឈ្លានពាន ពីអាមេរិកនោះ។

សូមជំរាបថា សមយុទ្ធនេះ មានឈ្មោះថា Max Thunder នឹងត្រូវធ្វើទ្បើងរយៈពេលពីរសប្តាហ៍ ដោយវាបានស្ថិតក្នុងចំណោមសមយុទ្ធប្រចាំឆ្នាំ រវាងកូរ៉េខាងត្បូង និងអាមេរិក ដែលតែងតែធ្វើវាដូចរាល់ដងផងដែរ ប៉ុន្តែលើកនេះ វាត្រូវ​បាន​ធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាស Kunsan ភាគនរិតីនៃឧបទ្វីបកូរ៉េ ចំពេលនៅទីនោះ កំពុងមាន​ភាពតានតឹង ដោយសារតែ​ការធ្វើតេស្តមីស៊ីល​ថ្មី​ របស់កូរ៉េខាងជើង​៕

មតិយោបល់