កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្រុងព្យុងយ៉ាង នៅថ្ងៃច័ន្ទនេះ បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងពិភាក្សាគ្នាអំពីយន្តការរក្សាសន្តិភាពអចិន្ត្រៃយ៍ និងយូរអង្វែង ព្រមទាំងការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ សម្រាប់កិច្ចប្រជុំកំពូលរបស់ពួក នាថ្ងៃអង្គារសប្ដាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។
មេដឹកនាំទាំងពីរ ក៏នឹងពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗទៀតផងដែរ ទាក់ទងនឹងការព្រួយបារម្ភ ចំពោះគ្នាទៅវិញទៅមក នៅក្នុងកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្ត ដែលរៀបចំឡើងដោយសិង្ហបុរី នៅឯសណ្ឋាគារ Capella នៅលើកោះ Sentosa។
តាមរបាយការណ៍នេះ ក៏បានឲ្យដឹងផងដែរថា លោក គីម បានមកដល់ប្រទេសសិង្ហបុរី តាមជើងហោះហើរអាកាសចរណ៍ចិនមួយ កាលពីរសៀលថ្ងៃអាទិត្យ និងត្រូវបានអមដំណើរដោយរដ្ឋមន្រ្តីការបរទេស លោក រី យ៉ុងហូ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ណូ ក្វាងចុល និងប្អូនស្រីខ្លួន គឺលោកស្រី គីម យ៉ូចុង។
ដោយទ្បែកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានមកដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃអាទិត្យដូចគ្នា តាមជើងហោះហើរនៃយន្តហោះ Air Force One ដែលបានចុះចតនៅឯមូលដ្ឋានទ័ពអាកាសសិង្ហបុរី Paya Lebar នាពេលយប់៕
មតិយោបល់