ចិនៈ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីកូរ៉េខាងត្បូងថា «រដ្ឋាភិបាលក្រុងប៉េកាំង យល់ចំពោះតម្រូវការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដែលចង់ការពារសន្តិសុខប្រទេសខ្លួន ប៉ុន្តែក្រុងសេអ៊ូល ក៏ត្រូវតែគោរពដល់ការព្រួយបារម្ភរបស់ចិន អំពីការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលកម្រិតខ្ពស់ របស់សហរដ្ឋអាមេរិក នៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧។
ប្រទេសចិន បានលើកទ្បើងម្តងហើយម្តងទៀត ក្នុងការប្រឆាំងជំទាស់ទៅនឹងគម្រោងដាក់ពង្រាយប្រព័ន្ធស្ថានីយការពារមីស៊ីលរបស់អាមេរិក (THAAD) លើដែនដីកូរ៉េខាងត្បូងនៅដើមឆ្នាំនេះ ដែលក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន បានអះអាងថា គឺដើម្បីការពារ និងប្រឆាំងចំពោះការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។
ក្នុងនោះដែរចិន បានសម្ដែងការព្រួយបារម្ភអំពីឥទ្ធិពលប្រព័ន្ធរ៉ាដា ដែលអាចជ្រៀតចូលដល់ទឹកដីខ្លួន ដែលជាហេតុនាំឲ្យមានការជំទាស់ទៅនឹងការដាក់ពង្រាយនេះ។
ថ្លែងក្នុងជំនួបមួយ នៅឯសន្និសីទស្ដីពីសន្តិសុខ ក្នុងទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរិ៍ លោក Wang បានសង្កត់ធ្ងន់ថា « ការបង្កើតសន្តិសុខនៅក្នុងប្រទេសមួយ មិនគួរបង្កឲ្យមានមូលដ្ឋានគ្រោះថ្នាក់ដល់សន្តិសុខប្រទេសមួយផ្សេងទៀតនោះទេ»៕
មតិយោបល់