ព័ត៌មានអន្តរជាតិ

កាន់តែកើនកម្ដៅ អាមេរិកនឹងចំណាយលើវិស័យយោធារហូតដល់៦៥០ ពាន់លានដុល្លារ

អាមេរិកៈ កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ​ មានគោលបំណង​បង្កើន​ថវិកា​ប្រចាំ​ឆ្នាំ​ សម្រាប់​ការ​ចំណាយ​ទៅ​លើ​វិស័យការពារ​ប្រទេស ​រហូតដល់​១០​ភាគរយ​ ដើម្បី​ចង់បង្ហាញដល់​ពិភព​លោក​ពី​អនុភាព សន្តិសុខ​ និង​ភាព​អង់​អាច​របស់​អាមេរិក‍ ហើយវាក៏ជា​ព្រឹត្តិការណ៍មួយ ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​ នៅ​ក្នុង​ប្រវត្តិសាស្ត្រអាមេរិក។ នេះ​បើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។

លោកត្រាំបាន​ថ្លែង​នៅឯ​សេតវិមានថា សហរដ្ឋ​អាមេរិក​ ត្រូវ​ចាប់​ផ្តើម​ឈ្នះ​សង្គ្រាម​ជា​ថ្មី​ម្តង​ទៀត‍ ហើយលោកបានរំឭក​ពី​ពេល​ដែល​លោក​ជា​យុវជន​មួយ​រូប​ នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​សង្គ្រាម​លោក​លើក​ទី២ ពេលដែលពលរដ្ឋ​អាមេរិកាំង​អួតអាង​ថា​ខ្លួន​ មិន​ដែល​ចាញ់​សង្គ្រាម​នោះ‍ ហើយលោក ត្រាំ បាន​ថ្លែងបន្តទៀត​ថា ឥឡូវ​នេះ​ យើង​មិន​ដែល​ឈ្នះ​សង្គ្រាម​ណា​មួយ​នោះ​ទេ គឺ​មិន​ដែល​ឈ្នះ​ទាល់​តែ​សោះ។ ហើយ​យើង​មិន​បាន​ប្រយុទ្ធ​ដើម្បី​ឈ្នះ​នោះ​ទេ។ លោកក៏បាន​លើក​ឡើង​ពី​គម្រោង​នៃ​ការ​ចំណាយ​អាទិភាព​ឲ្យ​បាន​លម្អិតពីវិស័យយោធា​ នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ថ្លែង​ទៅ​កាន់​សភា​ ប៉ុន្តែ​លោក​បាន​ថ្លែង​បន្ថែម​ថា ថវិកា​បន្ថែម​នេះ នឹងសម្រាប់​មន្ទីរ​បញ្ចកោណ​​កសាង​វិស័យ​យោធា​ដែល​ចុះ​អន់ថយ​របស់​អាមេរិក​ឡើង​វិញ ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោក​បាន​ថ្លែង​ថា រដ្ឋបាល​ថ្មី​របស់​លោក​នឹង​បន្ត​សន្សំ​សំចៃលើ​ការ​ចំណាយ​ទៅ​លើ​វិស័យ​ការពារ​ប្រទេស​ ដោយ​លើក​ឡើង​ថា លោកបាន​កាត់​ថវិកា​ចំណាយ​ចំនួន ៧២៥ លាន​ដុល្លារ​ទៅ​លើ​យន្តហោះ​ចម្បាំង​ F35ថ្មី។

ក្រុម​មន្ត្រី​គ្រប់​គ្រង​ថវិកា​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ស្រប​ពេល​ដែល​មាន​ការ​បង្កើន​ថវិកា​ចំណាយ​សម្រាប់​វិស័យ​ការពារ​ប្រទេស​នោះ នឹង​មាន​ការ​កាត់​បន្ថយ​កម្មវិធី​ក្នុង​ស្រុក​ និង​កាត់​បន្ថយ​ការ​ផ្តល់​ជំនួយ​បរទេស​ដល់​ប្រទេស​ដទៃ​ទៀតផងដែរ។

សូមជំរាបថា​ ការពីឆ្នាំ២០១៦ អាមេរិក​ បានចំណាយសរុបលើក្រសួងការពារជាតិអស់ ៥៩៨.៥ ពាន់លានដុល្លារ ដោយរួមបញ្ចូលទាំង ការបម្រើការងារជាធម្មតាទាំងអស់នៃក្រសួងការពារជាតិ ការចំណាយក្នុងសង្រ្គាម ការចំណាយអាវុធនុយក្លេអ៊ែរ ជំនួយយោធាអន្តរជាតិ និងការចំណាយផ្សេងទៀតនៅមន្ទីរបញ្ចកោណ៕

មតិយោបល់