អាមេរិកៈ ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាដកអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក( TPP ) ដែលមានសមាជិក១២ប្រទេស កាលពីថ្ងៃចន្ទ នៅក្នុងសេតវិមាន។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។
លោក ត្រាំ បានហៅការលប់ចោលនេះ ជារឿងល្អមួយសម្រាប់អាមរិក ថែមទាំងបានចុះហត្ថលេខាលើបទបញ្ជាមួយទៀត ដោយដាក់ឲ្យមានបម្រាមឡើងវិញ ចំពោះការផ្តល់មូលនិធិរដ្ឋាភិបាលដល់អង្គការអន្តរជាតិទាំងឡាយណា ដែលផ្តល់សេវាពន្លូតទារក ឬផ្តល់ព័ត៌មានអំពីការពន្លូតទារក។
លើសពីនេះទៅទៀត លោក ត្រាំ បានធ្វើតាមការសន្យានៅពេលឃោសនារកសំទ្បេងឆ្នោតនោះ ដោយបញ្ឈប់ការជួលបុគ្គលិកថ្មីសម្រាប់ទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធជាច្រើន ដើម្បីកាត់បន្ថយការចាយវាយរបស់រដ្ឋាភិបាល និងទប់ទល់នឹងការរីកធំឡើងរបស់រដ្ឋាភិបាលសហព័ន្ធ។
កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលហៅកាត់ថា TPP នោះត្រូវបានចចារតាំងពីឆ្នាំ២០០៩ ក្នុងអណត្តិរបស់លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ប៉ុន្តែសភាសហរដ្ឋអាមេរិក មិនបានផ្តល់សច្ចានុមត្តិទេដោយសារសមាជិកសភាជាច្រើនជំទាស់ ឬ មានមន្ទិលសង្ស័យលើកិច្ចព្រមព្រៀងមួយនេះ។
សូមជំរាបថា សមាជិកទាំង១២ នោះរួមមាន ប្រុយណេ ឈីលី ញូវែលសេឡង់ សិង្ហបុរី
អូស្ត្រាលី កាណាដា ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក ប៉េរូ សហរដ្ឋអាមេរិក និងវៀតណាម៕

មតិយោបល់