ចិនបានឲ្យដឹងថា ថវិកាសម្រាប់វិស័យការពារប្រទេសរបស់ខ្លួន នឹងកើនឡើង ៧ភាគរយ ក្នុងឆ្នាំនេះ ដែលចំនួនថវិកាសរុបស្មើនឹង១៦០ពាន់លានដុល្លារ ដែលជាឆ្នាំទី២ជាប់គ្នាហើយ ខណៈដែលចិនបានបង្កើនថវិកាចំណាយលើយោធារបស់ខ្លួន ហើយថវិកាជាក់លាក់សម្រាប់វិស័យការពារប្រទេស ក្នុងឆ្នាំ២០១៧ នឹងចេញផ្សាយនៅសប្ដាហ៍ថ្ងៃអាទិត្យនេះ នៅពេលដែលសភាចាប់ផ្តើមសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួន។ នេះបើយោងតាមរយៈសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៧។
ប្រទេសជិតខាងរបស់ចិន ជាពិសេសអាមេរិក កាន់តែមានមន្ទិលសង្ស័យទៅលើយុទ្ធសាស្ត្រយោធារបស់ចិន ក្រោយពេលដែលចិន បានពង្រីកទ័ពរបស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីបានបង្កើតកោះសប្បនិម្មិត ដែលអាចសាងសង់មូលដ្ឋានយោធានៅទីនោះបាន។
អ្នកនាំពាក្យសភាចិនលោកស្រី Fu Ying បានព្យាយាមច្រានចោលមន្ទិលសង្ស័យរបស់ប្រទេសជិតខាងខ្លួន ដោយលោកស្រីបានថ្លែងថា មើលកាលពីទសវត្សរ៍កន្លងទៅ មានជម្លោះជាច្រើន មានតាំងពីសង្គ្រាមនៅជុំវិញពិភពលោក ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់បាត់បង់ជីវិត បាត់បង់ទ្រព្យសម្បតិ្ត ហើយមានជនភៀសខ្លួន ដែលបាត់បង់អ្វីៗគ្រប់យ៉ាង និងគ្មានផ្ទះសម្បែង។ តើសង្គ្រាមមួយណា ដែលបង្កឡើងដោយចិននោះ?
ប្រទេសព្រុយណេ ហ្វីលីពីន កោះតៃវ៉ាន់ និងវៀតណាម បានទាមទារដែនទឹកទាំងស្រុង និងផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង ដែលមានទំហំ បីលានប្រាំសែនគីឡូម៉ែត្រការ៉េ ជាកន្លែងសម្បូរទៅដោយមច្ឆជាតិ ក៏ដូចជាធនធានថាមពល ដែលស្ថិតក្រោមបាតសមុទ្រផងដែរ។
គួរបញ្ជាក់ដែរថា ព័ត៌មានស្តីពីថវិកាយោធារបស់ចិន ត្រូវបានរាយការណ៍ប៉ុន្មានថ្ងៃ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា អាមេរិកមានអំណាចយោធារឹងមាំបំផុតនៅលើពិភពលោក ស្របពេលដែលលោក នឹងបង្កើនការចំណាយថវិកាទៅលើវិស័យយោធារបស់ខ្លួន ១០ភាគរយ៕

មតិយោបល់