ម៉ាទ្បេស៊ីៈ វីដេអូមួយ បានផុសឡើងនូវបុរសម្នាក់ ដែលបានអះអាងខ្លួនថា ជាកូនប្រុសរបស់លោកគីម ជុងណាម បន្ទាប់ពីគាត់ត្រូវបានគេធ្វើឃាតសម្លាប់។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧។
វីដេអូនោះ មានចំណងជើងថា KHS បានបង្ហោះនៅលើគេហទំព័រ YouTube របស់ក្រុមមួយ ដែលគេហៅឈ្មោះថា Cheollima Civil Defense កាលពីថ្ងៃអង្គារ ដោយបានទាក់ទងមកទូរទស្សន៍ Channel NewsAsia បន្ទាប់ពីធ្វើការផុសវា។
នៅក្នុងវីដេអូ បុរសម្នាក់នោះ បាននិយាយថា «ខ្ញុំឈ្មោះ គីម ហានសូល ជាសមាជិកម្នាក់ ក្នុងគ្រួសារត្រកូល គីម មកពីប្រទេសកូរ៉េខាងជើង»។
«ឪពុករបស់ខ្ញុំ ត្រូវបានគេសម្លាប់ច្រើនថ្ងៃកន្លងមកហើយ។ បច្ចុប្បន្នខ្ញុំ កំពុងនៅជាមួយម្ដាយ និងប្អូនស្រីរបស់ខ្ញុំ។ យើងសូមអំណរគុណណាស់ ចំពោះ … , គាត់បាននិយាយមុនពេល ដែលវីដេអូតទៅមុខទៀត ពុំឭសំទ្បេង ឃើញតែរូបភាព ហើយគាត់បានធ្វើជាសញ្ញាមុនពេលបញ្ចប់ ដោយនិយាយថា «យើងសង្ឃឹមថា អ្វីទាំងនោះនឹងល្អប្រសើរជាងមុន ក្នុងពេលឆាប់»។
នៅក្នុងវីដេអូរយៈពេល ៤០វិនាទី បុរសម្នាក់នោះ បានបង្ហាញលិខិតឆ្លងដែន ជាភស្តុតាងនៃអត្តសញ្ញាណរបស់គាត់ ប៉ុន្តែវាត្រូវបាំងដោយផ្ទាំងពណ៌ខ្មៅ មើលមិនឃើញឈ្មោះនោះទេ៕
មតិយោបល់