ព័ត៌មានអន្តរជាតិ

ការដាក់ប្រព័ន្ធប្រឆាំងមីស៊ីលអាមេរិក នៅកូរ៉េខាងត្បូង នឹងគំរាមកំហែងដល់ស្ថេរភាពក្នុងតំបន់

រុស្ស៊ីៈ ក្រសួងការបរទេសរុស្ស៊ី បានព្រមានថា ការដាក់ពង្រាយប្រព័ន្ធប្រឆាំងកាំជ្រួចមីស៊ីល THAAD នៅកូរ៉េខាងត្បូងនោះ អាចនាំឲ្យមានការប្រកួតប្រជែងអាវុធ និងអស្ថេរភាពក្នុងតំបន់។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧។

សហរដ្ឋអាមេរិក បានចាប់ផ្តើមដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល THAAD របស់ខ្លួន នៅឧបទ្វីបកូរ៉េ បើទោះបីជាមានការជំទាស់ពីប្រទេសរុស្ស៊ី និងចិនក៍ដោយ។ ក្នុងសេចក្តីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសរុស្ស៊ី បានព្រមានអំពីសក្តានុពលនៃផលអវិជ្ជមានដ៏ធ្ងន់ធ្ងរ សម្រាប់ផែនការរបស់ក្រុងវ៉ាស៊ីនតោន។

សេចក្តីថ្លែងការណ៍ដដែរ បានឲ្យដឹងទៀតថា «ការដាក់ពង្រាយនេះ នឹងជះផលអវិជ្ជមានដល់ស្ថេរភាព សម្រាប់អន្ដរជាតិ និងក្នុងតំបន់ ខណៈដែលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាកន្លែងមានស្ថានភាពសន្តិសុខ មិនស្រួលបួលស្រាប់ទៅហើយ ជាកត្តាអាចធ្វើឲ្យមានភាពស្មុគស្មាញបន្ថែមទៀត ជាមួយនឹងរឿងនុយក្លេអ៊ែរ និងបញ្ហាផ្សេងទៀតនៅលើឧបទ្វីបកូរ៉េ ព្រមទាំងការបង្កឲ្យមានការប្រកួតប្រជែងផ្នែកអាវុធក្នុងតំបន់ ដែលពាក់ព័ន្ធនឹងមីស៊ីល»។

កាលពីថ្ងៃអង្គារ អាមេរិកបានប្រកាសចាប់ផ្តើម ដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល THAAD លើកដំបូង ដែលបានមកដល់នៅមូលដ្ឋានទ័ពអាកាស Osan ក្នុងទីក្រុង Pyeongtaek ប្រទេសកូរ៉េខាងត្បូង។

សេចក្តីសម្រេចនេះ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីលផ្លោងចំនួន ០៤ គ្រាប់ របស់កូរ៉េខាងជើងចូលទៅក្នុងដែនសមុទ្ររបស់ជប៉ុន កាលពីព្រឹកថ្ងៃចន្ទ ដែលលេខាធិការសេតវិមាន លោក Sean Spicer បាននិយាយប្រាប់អ្នកកាសែតថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបង្ហាញឥរិយាបថជាការបង្កហេតុ ៕

មតិយោបល់