ព័ត៌មានអន្តរជាតិ

សង្រ្គាមថ្នាំញៀននៅហ្វីលីពីន កាន់តែស្មុគស្មាញ បន្ទាប់ពីលោក Duterte បង្កើតភ្នាក់ងារចូលរួមបន្ថែម

ហ្វីលីពីន: ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានចុះហត្ថលេខាបង្កើតបទបញ្ជាថ្មីមួយ ដើម្បីឲ្យមានការចូលរួមពីភ្នាក់ងាររបស់រដ្ឋចំនួន ២១ សម្រាប់នៅពីក្រោយគោលនយោបាយសង្គ្រាមបង្ហូរឈាមថ្នាំញៀនរបស់ខ្លួន ក្នុងការផ្តល់អាទិភាពដល់គោលដៅទាំងអស់ ប្រឆាំងនឹងការធ្វើពាណិជ្ជកម្មថ្នាំញៀនខុសច្បាប់គ្រប់កម្រិត។ នេះបើយោងតាមរយ:សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ​២០១៧។

បទបញ្ជានេះ បានបង្កើតនូវគណ:កម្មាធិការអន្តរភ្នាក់ងារទៅលើការប្រឆាំងថ្នាំញៀនខុសច្បាប់ (ICAD) ដែលរួមបញ្ចូលទាំងប៉ូលិស យោធា និងឆ្មាំសមុទ្រ ឲ្យជួយលើកកម្ពស់ដល់សុខភាព, ការអប់រំ និងសុខុមាលភាពសង្គម ក្នុងគោលបំណង ដើម្បីស្តារអ្នកប្រើប្រាស់ និងគាបសង្កត់ឈ្មួញជួញដូរគ្រឿងញៀន ធំនិងតូចជាដើម។

មនុស្សជាង ៨.០០០ នាក់ហើយ ត្រូវបានសម្លាប់ចាប់តាំងពីការបង្រ្កាបគ្រឿងញៀន ដែលបានចាប់ផ្តើមអស់រយ:ពេល ០៨ខែកន្លងមក ហើយក្នុងចំណោមពួកគេមាន ២,៥៥៥ នាក់ ត្រូវបានបាញ់សម្លាប់ ក្នុងអំឡុងពេលប្រតិបត្តិការវាយឆ្មក់របស់ប៉ូលិស ព្រមទាំងជនសង្ស័យថ្នាំញៀនចំនួន ៤៨.០០០ នាក់ទៀត ត្រូវបានចាប់ខ្លួនផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ ក្រុមសកម្មជនជឿជាក់ថា ប៉ូលិសស្ថិតនៅពីក្រោយ ការសម្លាប់អ្នកប្រើប្រាស់ថ្នាំញៀន រាប់ពាន់នាក់ ខណ:ដែលអាជ្ញាធរប៉ូលិស បានបដិសេធរឿងនេះ និងបាននិយាយថា មនុស្សដែលត្រូវបានសម្លាប់ នោះ គឺមានចំនួន ២.៥៥៥ នាក់តែប៉ុណ្ណោះ ក្នុងអំទ្បុងពេលប្រតិបត្ដិការ ហើយរាល់សកម្មភាពទាំងនោះ គឺបានធ្វើទ្បើងស្ថិតក្នុងគោលបំណង ដើម្បីការពារខ្លួនប៉ុណ្ណោះ៕

មតិយោបល់