ព័ត៌មានអន្តរជាតិ

អតីតមេដឹកនាំកូរ៉េខាងត្បូង សោកស្តាយ ខណៈមិនអាចបញ្ចប់អាណត្តិជាប្រធានាធិបតីរបស់ខ្លួនបាន

កូរ៉េៈ ទីបំផុតអតីតមេដឹកនាំកូរ៉េខាងត្បូងលោកស្រី ផាក គឹនហេ បានចាកចេញពីវិមានប្រធានាធិបតីហើយ កាលពីថ្ងៃអាទិត្យ នៅក្រោយរយៈពេលពីរថ្ងៃ ដែលត្រូវបានតុលាការធម្មនុញ្ញ បណ្ដេញចេញពីតំណែងជាផ្លូវការ ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧។

បន្ទាប់ពីចាកចេញពីវិមាន Blue House នេះ លោកស្រី ផាក បានធ្វើដំណើរទៅកាន់លំនៅដ្ឋានឯកជនមួយ ក្នុងតំបន់ Samseong-dong ភាគខាងត្បូងទីក្រុងសេអ៊ូល ជាកន្លែងដែលក្រុមអ្នកគំាទ្រលោកស្រីរាប់រយនាក់ បានប្រមូលផ្ដុំគ្នា ទាមទារឲ្យលុបចោលការទម្លាក់ប្រធានាធិបតីកូរ៉េខាងត្បូង រូបនេះចេញពីអំណាច។

អ្នកនាំពាក្យប្រធានាធិបតី បានបញ្ជាក់ថា លោកស្រី ផាក ពិតជាមានការសោកស្តាយ និងសុំទោស ដែលមិនអាចបញ្ចប់អាណត្តិជាប្រធានាធិបតីរបស់ខ្លួនបាន ដោយលោកស្រី បានអះអាងថា វាត្រូវការពេលវេលា ដើម្បីប​ង្ហាញការពិត ជុំវិញការចោទប្រកាន់លើលោកស្រី៕

មតិយោបល់