ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងកំពុងសម្ញែងសាច់ដុំ ដាក់កូរ៉េខាងជើង

កូរ៉េៈ បន្ទាប់ពីការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ប្រចាំឆ្នាំរបស់ខ្លួនរវាងរដ្ឋាភិបាលក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន បានធ្វើឲ្យកើនកម្ដៅនយោបាយតែខ្លាំងទ្បើង នៅលើឧបទ្វីបកូរ៉េនោះ ខណៈនេះដែរ កូរ៉េខាងត្បូងបានចាប់ផ្ដើមធ្វើសមយុទ្ធយោធា​ផ្លូវអាកាសមួយទៀត ​ដែលមាន​រយៈពេល​មួយ​សប្តាហ៍ ដើម្បីប្រុងជើងការទុកជាមុន ក្នុងការត្រៀមទប់ទល់​នឹងសកម្មភាពបង្កហេតុ និងការវាយប្រហារនានា​​ពីសំណាក់​​ប្រទេសកូរ៉េខាង​ជើង។ នេះបើយោងតាមរយៈ សារព័ត៌មាន Yonhap ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧។

កងទ័ពអាកាសរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា យន្តហោះចម្បាំង​ប្រមាណ ៥០គ្រឿងរបស់ទ័ព​អាកាស​កូរ៉េខាងត្បូង ក្នុងនោះរួមមាន​ទាំងយន្តហោះ​ចម្បាំង F-15K , FA-50 និង​អាកាស​និយាក​ចំនួន៥០០នាក់​ ​ដែលមកពី​អង្គភាពជើង​អាកាសចំនួន​១៥ បានធ្វើ​ការចល័ត​សម្រាប់​សមយុទ្ធនេះ តាំងពីថ្ងៃសុក្រ​សប្តាហ៍​មុនម្ល៉េះ។

សមយុទ្ធ Soaring Eagle នឹងត្រូវបញ្ចប់នៅថ្ងៃសុក្រសប្ដាហ៍នេះ គឺដើម្បីបង្កើនសមត្ថភាពរបស់ទ័ពអាកាស ក្នុងការបាញ់ទម្លាក់មីស៊ីល និងការវាយប្រហារទីបញ្ជាការយោធារបស់សត្រូវខ្លួន។

គួរបញ្ជាក់ដែរថា ការធ្វើសមយុទ្ធអាកាសនេះ ត្រូវបានគេរំពឹងទុកថា នឹងធ្វើឲ្យប្រសើរឡើងបន្ថែមទៀត សម្រាប់ត្រៀមខ្លួនទប់ទល់នឹងកូរ៉េខាងជើង ដោយក្នុងនោះក៏រួមបញ្ចូលទាំងសមយុទ្ធយោធារួមគ្នាពីរ ដែលកំពុងបន្តធ្វើរបស់កូរ៉េខាងត្បូងជាមួយនឹងសហរដ្ឋអាមេរិក គឺ Foal Eagle និង Key Resolve ៕

មតិយោបល់