ហ្វីលីពីនៈ មន្ត្រីការទូតក្នុងប្រទេស នៅថ្ងៃអង្គារនេះ បាននិយាយថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានបញ្ជូនអង្គរក្ស័ជាន់ខ្ពស់ចំនួន ២០ រូប ទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីទទួលការបណ្តុះបណ្តាលស្តីពីការការពារអ្នកធំ ឬបុគ្គលដែលសំខាន់បំផុត ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។
ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំប្រទេសរុស្ស៊ី លោក Carlos Sorreta បានឲ្យដឹងថា អង្គរក្ស័ប្រុសចំនួន ២០នាក់ ដែលជាគណៈប្រតិភូមកពីក្រុមសន្តិសុខរបស់ប្រធានាធិបតី (PSG) ត្រូវបានបញ្ជូនទៅទីក្រុងម៉ូស្គូចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី១១ ខែមីនា ដើម្បីទៅបណ្តុះបណ្តាលពីរបៀបការការពារអ្នកធំ ជាមួយភ្នាក់ងារការពារសហព័ន្ធរុស្ស៊ី។
សេចក្តីប្រកាសនៅលើទំព័រហ្វេសប៊ុករបស់លោក Sorreta បាននិយាយថា «ការបណ្តុះបណ្តាលនៅប្រទេសរុស្ស៊ីនេះ ជាប្រវត្តិសាស្រ្តលើកដំបូងសម្រាប់ PSG និងជាការបង្ហាញឲ្យឃើញ សម្រាប់ទំនាក់ទំនងយ៉ាងល្អរវាងប្រទេសហ្វីលីពីន និងរុស្ស៊ី»។
លោកបានបន្តថា ការហ្វឹកហាត់នេះ ជាការបង្ហាញភាពជឿទុកចិត្តគ្នា ដែលកំពុងកើនឡើង ចំពោះភាគីទាំងពីរ ក្នុងការបង្កើតកម្លាំងចលករវិជ្ជមាន ដើម្បីកិច្ចសហប្រតិបត្តិការកាន់តែជ្រៅ នៅក្នុងវិស័យការពារ និងសន្តិសុខ រួមទាំងតំបន់ផ្នែកផ្សេងៗទៀត។
សូមជំរាបថា លោក Duterte គ្រោងនឹងធ្វើទស្សនកិច្ចនៅរុស្ស៊ី ដើម្បីជួបជាមួយប្រធានាធិបតីលោកវ្ល៉ាឌីមៀរ ពូទីន នាខែឧសភាខាងមុខនេះ៕
មតិយោបល់