បារាំងៈ ប្រភពពីក្រសួងមហាផ្ទៃ បានឲ្យដឹងថា មនុស្ស ០៣ នាក់ បានរងរបួស ក្នុងការបាញ់ប្រហារមួយ នៅវិទ្យាល័យ Alexis de Tocqueville ស្ថិតក្នុងទីក្រុង Grasse ភាគខាងត្បូងប្រទេស។ និស្សិតម្នាក់ អាយុ ១៧ ឆ្នាំ ដែលប្រដាប់ដោយកាំភ្លើង AK មួយដើម កាំភ្លើងដៃពីរដើម និងគ្រាប់បែកចំនួនពីរគ្រាប់ ត្រូវបានកម្លាំងប៉ូលិសក្នុងតំបន់កើតហេតុ ចាប់ខ្លួនជុំវិញឧប្បត្តិហេតុនេះ។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧
ក្មេងជំទង់រូបនេះ ជាអ្នកបើកការបាញ់ប្រហារជាមួយនឹងកាំភ្លើង AK ដែលបណ្ដាលឲ្យមនុស្ស ០៣នាក់រងរបួស ហើយបើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ចាងហ្វាងសាលា បានស្ថិតក្នុងចំណោមអ្នករងរបួសទាំងនោះផងដែរ។
អ្នកនាំពាក្យក្រសួង បាននិយាយថា មនុស្ស ០៥ នាក់ផ្សេងទៀត បានទទួលការតក់ស្លុតយ៉ាងខ្លាំង នៅក្នុងឧប្បត្តិហេតុនេះ។
គួរបញ្ជាក់ថា រដ្ឋាភិបាលបារាំង បានចេញសេចក្តីប្រកាសឲ្យមប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីកើតមានការបាញ់ប្រហារ នៅក្នុងសាលារៀនខាងលើនេះ ខណៈដែលប្រទេសនេះ កំពុងបន្តស្ថិតនៅក្នុងការប្រកាសអាសន្ននៅឡើយ ចាប់តាំងពីការវាយប្រហារពីរលើក នៅទីក្រុងប៉ារីស កាលពីឆ្នាំ២០១៥ និងមួយទៀតនៅទីក្រុង Nice ឆ្នាំមុន៕



មតិយោបល់